ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីម្សិលមិញបានចេញសេចក្តីប្រកាសព័ត៌មានថា ក្រសួងការងារបានចាត់វិធានការតាមនីតិវិធីរបស់តុលាការរួចរាល់ហើយក្នុងការទម្លាក់បទចោទប្រកាន់ដល់ លោក មឿន តុលា ដែលត្រូវបានតុលាការកាលពី២០១៧ ចោទប្រកាន់ពីបទរំលោភលើសេចក្តីទុកចិត្ត ទាក់ទងនឹងលុយបុណ្យសព លោកបណ្ឌិត កែម ឡី។
ក្រសួងការងារចាត់ទុកការអន្ដរាគមន៍ឲ្យមាន ការលើកលែងទោសដល់លោក មឿន តុលា ថា ធ្វើឡើងដើម្បីធានាសិទ្ធិសេរីភាពរបស់អង្គការក្រៅរដ្ឋាភិបាល។
ទោះជាយ៉ាងណាក៏ដោយ លោក មឿន តុលា បានសរសេរនៅលើ ហ្វេសប៊ុករបស់លោក ស្នើឲ្យតុលាការចេញសេចក្តីបញ្ជាក់ពីការលើកលែងការចោទប្រកាន់ដើម្បីឲ្យប្រាកដថា តុលាការពិតជាបានលើកលែងការចោទប្រកាន់រូបលោក តាមការស្នើសុំរបស់ក្រសួងការងារមែននោះ។
សារព័ត៌មានរបស់លោក ហ៊ុន សែន បានដកស្រង់សម្តីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ចុះផ្សាយថា ករណីលោក មឿន តុលា គឺក្រសួងការងារគ្រាន់តែផ្តល់ជំនួយផ្នែកច្បាប់ ដើម្បីស្វែងរកភស្តុតាងដោះបន្ទុក ប៉ុន្តែការសម្រេចលើកលែងទោស ឬយ៉ាងណានោះ គឺជាសមត្ថកិច្ចផ្តាច់មុខរបស់តុលាការ។
លោក មឿន តុលា ជានាយកអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ និងជាអតីតសមាជិកម្នាក់នៃគណៈកម្មការបុណ្យសព លោក បណ្ឌិត កែម ឡី ដែលមានសមាជិកពីររូបទៀតគឺ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ និង លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទ កឹបកេងបច្ច័យសព លោក បណ្ឌិត កែម ឡី តាមពាក្យបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។
រហូតមកទល់ពេលនេះទាំងលោក មឿន តុលា លោក ប៉ា ងួនទៀង និងព្រះតេជគុណប៊ុត ប៊ុនតិញ កំពុងរស់នៅភៀសខ្លួន ក្រៅប្រទេស នៅឡើយ។
ហើយលោក ប៉ា ងួនទៀត និងព្រះតេជគុណ ប៊ុត ប៊ុនតិញ ក៏មិនទាន់ទទួលបានការលើកលែងទោសនៅឡើយដែរ៕