អង្គការស្ទីមកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតប្រជែងពានរង្វាន់បញ្ញវន្តពិភពលោក ក្នុងទីក្រុងភ្នំពេញ ជាលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ និងថ្ងៃចន្ទ ទី៧ ខែឧសភា ខាងមុខនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់កម្មវិធីពានរង្វាន់បញ្ញវន្តពិភពលោក សម្រាប់ជុំប្រកួតនៅក្នុងទីក្រុងភ្នំពេញ ធ្វើឡើងក្នុងបុព្វហេតុដើម្បីការអភិវឌ្ឍ និងការបង្កើននូវសមត្ថភាពរបស់សិស្សានុសិស្សគ្រប់ជាតិសាសន៍។
កម្មវិធីនេះមានជុំប្រកួតផ្ដាច់ព្រ័ត្រនៅសាកលវិទ្យាល័យយែល ក្នុងសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ។
កម្មវិធីនេះបំណងជំរុញសិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋានបានស្គាល់អំពីចំណុចខ្លាំងថ្មីៗនៃការអប់រំ និងសិក្សាជំនាញថ្មីៗ ទន្ទឹមនឹងការបណ្ដុះគំនិតអនាគតអ្នកដឹកនាំនៃសហគមន៍ថ្មី និងអ្នកអភិវឌ្ឍន៍ឧស្សាហកម្ម។
ព្រឹត្តិការណ៍នេះមានការចូលរួមពីបណ្ដាប្រទេសជាង៥០ និងអាចទាក់ទាញសិស្សឱ្យចូលរួមប្រកួតប្រមាណជាង២ម៉ឺននាក់។
កម្មវិធីនេះជំរុញឱ្យសិស្សធ្វើការជាក្រុមពីព្រោះគ្មានអ្វីដែលពិបាក ឬអាចបណ្ដុះគំនិតជាងការដែលដឹងថា អ្នកដទៃត្រូវពឹងផ្អែកលើខ្លួនយើងឡើយ។
កាលពីឆ្នាំ២០១៧ អង្គការស្ទីមកម្ពុជា បានរៀបចំកម្មវិធីពានរង្វាន់បញ្ញវន្តពិភពលោក ជាលើកដំបូង នៅទីក្រុងភ្នំពេញប្រកបដោយភាពជោគជ័យ ដោយមានសិស្សអស្ចារ្យចំនួន៤៩នាក់ អាចឡើងទៅប្រកួតនៅជុំអន្តរជាតិ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ពួកគាត់បានបញ្ចេញស្នាដៃបានយ៉ាងល្អក្នុងនាមជាអ្នកតំណាងប្រទេសកម្ពុជា និងបានឈ្នះមេដាយជាច្រើនទៀតផង។
សិស្សចំនួន ១១នាក់ពីការប្រកួតវគ្គនេះមានឱកាសឡើងទៅប្រកួតក្នុងកម្មវិធី «ការប្រកួតយកជើងឯក» នៅសាកលវិទ្យាល័យយែល ក្នុងសហរដ្ឋអាមេរិក៕