31 C
Phnom Penh

លោក ហ៊ុន សែន ព្រមានថា គ.ជ.ប. គ្មានសិទ្ធិពន្យារពេលការបោះឆ្នោតឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)គ្មានសិទ្ធិពន្យារពេលការបោះឆ្នោតនោះឡើយ ហើយគណបក្សប្រឆាំងក៏មិនអាចរស់ឡើងវិញបានដែរ ខណៈគ.ជ.ប.បានចាប់ផ្ដើមដំណើរការចុះឈ្មោះគណបក្សនយោបាយ និងចុះបញ្ជីបេក្ខជនឈរបោះឆ្នោតសម្រាប់ការបោះឆ្នោតអាណត្តិទី៦ ខាងមុននេះ។

ការព្រមានរបស់លោកហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតកាលពីម្សិលមិញ។

អតីតកម្មាភិបាលខ្មែរក្រហមរូបនេះ អះអាងថា ប្រសិនបើ គ.ជ.ប. ចង់ ពន្យារពេលការបោះឆ្នោត លុះត្រាតែមានការកែប្រែច្បាប់បោះឆ្នោត និងកែប្រែរដ្ឋធម្មនុញ្ញជាមុនសិន។

អ្នកនាំពាក្យគ.ជ.ប. លោកហង្ស ពុទ្ធា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គ.ជ.ប.នៅតែប្រកាន់ជំហររៀបចំដំណើរការបោះឆ្នោត ទៅតាមប្រតិទិនដែលបានកំណត់ ហើយថា ការប្រកាសមិនចូលរួមការបោះឆ្នោតរបស់គណបក្សនយោបាយមួយចំនួន គឺជាសិទ្ធិរបស់គណបក្សនោះប៉ុណ្ណោះ។

លោកបន្តថា យ៉ាងហោចណាស់មានគណបក្សចំនួន៦ហើយ ដែលបានចុះឈ្មោះសម្រាប់ការចូលរួមប្រកួតប្រជែងការបោះឆ្នោត ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។

ការចុះឈ្មោះគណបក្សនយោបាយ និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ចាប់ផ្ដើមឡើងចាប់ពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។

ប្រធានចលនាសង្គ្រោះជាតិ លោកសម រង្ស៊ី បានប្រកាសអំពាវនាវម្តងហើយម្តងទៀតជំរុញឲ្យពលរដ្ឋខ្មែរទាំងអស់ ធ្វើពហិការកុំទៅបោះឆ្នោត ប្រសិនបើគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែងនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស