40.3 C
Phnom Penh

មន្រ្តី អ.ស.ប.៖ ការបោះឆ្នោតគ្មានការចូលរួមពីគណបក្សប្រឆាំងគឺជាការបោះឆ្នោតក្លែងក្លាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ប្រញាប់បញ្ចប់វិបត្តិនយោបាយជាបន្ទាន់ដើម្បីអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ អាចចូលរួមប្រកួតប្រែងការបោះឆ្នោតជាតិ នាពេលខាងមុខ បើមិនដូច្នេះទេការបោះឆ្នោតនោះគ្រាន់តែធ្វើឡើងដើម្បីបោកបញ្ឆោតមហាជនប៉ុណ្ណោះ។

អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) កាលពីថ្ងៃច័ន្ទបានព្រមានថា គ្មានការបោះឆ្នោតណាមួយអាចចាត់ទុកថា ជាការបោះឆ្នោតត្រឹមត្រូវនោះទេ ប្រសិនបើគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ត្រូវបានហាមឃាត់ ពីការចូលរួមប្រកួតប្រជែងនោះ។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកស្រី រ៉ូណា ស្មីត ទាមទារឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ ធានាឲ្យបាននូវការគោរពគោលការណ៍ ប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការគោរពសិទ្ធិប្រជាពលរដ្ឋក្នុងការចូលរួមឆាកនយោបាយ។

អ្នកស្រីព្រមានថា គណបក្សកាន់អំណាចបច្ចុប្បន្នមានឱកាសចុងក្រោយដើម្បីពិចារណាឡើងវិញ ក្នុងការដោះលែងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង និងលុបចោលការហាមឃាត់មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិមិនឲ្យធ្វើនយោបាយរយៈពេលប្រាំឆ្នាំ។

អ្នកស្រីបានជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ងាកមកគោរពរដ្ឋធម្មនុញ្ញ ដែលធានាឲ្យមានការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស