កម្ពុជានឹងបញ្ជូនកងរក្សាសន្តិភាពរបស់ខ្លួនដែលស្ថិតក្រោមឆ័ត្ររបស់ អង្គការសហប្រជាជាតិចំនួន៣ក្រុមមាន៤២៨នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្នុងសាធារណរដ្ឋម៉ាលី និងសាធារណរដ្ឋស៊ូដង់ខាងត្បូង នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានយោធសេវា នៃក្រសួងការពារជាតិ ដែលចេញផ្សាយជាសាធារណៈកាលពីច័ន្ទកន្លងទៅនេះ បញ្ជាក់ថា កម្លាំងទ័ពដែលនឹងត្រូវបញ្ជូនទៅប្រទេសទាំងនោះ រួមមាន កងវិស្វកម្មព្រលានយន្ដហោះលេខ១៩៨ចំនួន១៦៥នាក់ ទៅកាន់សាធារណរដ្ឋម៉ាលី កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ១៣២ ចំនួន១៤៤នាក់ ទៅកាន់សាធារណរដ្ឋម៉ាលី និងកងអាវុធហត្ថលេខ៦៨១ ចំនួន១១៩នាក់ ទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង។
ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងជិត៥ពាន់នាក់ ក្នុងនោះ មានស្រ្តីចំនួនជាង២រយនាក់ ទៅបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ។
បច្ចុប្បន្នកម្ពុជាមានកម្លាំងប្រមាណជាង៨០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៥ រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងប្រទេសម៉ាលី។
កម្លាំងមួកខៀវទាំងអស់នេះបាននាំឲ្យកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេ លំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕