មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាឲ្យដឹងថាមានអ្នកសារព័តមានជាច្រើននាក់បានលះបង់ជីវិតរបស់ខ្លួន ដើម្បីការងារលើកស្ទួយសិទ្ធិសេរីភាពសារព័តមាន។
សេចក្ដីថ្លែងការណ៍មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី២ ខែឧសភា សម្តែងការព្រួយបារម្ភចំពោះសេរីភាព សារព័ត៌មានក្នុងឆ្នាំ២០១៧ និង ឆ្នាំ២០១៨ ដែលកំពុងមានការរឹតត្បិតខ្លាំង ស្របពេលដែលមាន អ្នកសារព័ត៌មានប្រមាណជាង៦០នាក់កំពុងជាប់បណ្ដឹងនៅតុលាការ និងការឃុំខ្លួនដោយខុសច្បាប់។
ក្រុមនេះនិយាយថា កិច្ចគាំពារ សេរីភាពសារព័ត៌មានជាផ្នែកមួយដ៏សំខាន់នៃកាតព្វកិច្ចរបស់រដ្ឋាភិបាល ដើម្បីការពារសេរីភាពក្នុងការបញ្ចេញមតិ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា និងកក្តិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សរកឃើញថា របបលោក ហ៊ុន សែន បានបិទស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួន ដូចជា ស្ថានីយ៍វិទ្យុចំនួន៣២ នៅតាមខេត្ត-ក្រុងចំនួន២០ទូទាំងប្រទេស ជាពិសេសស្ថានីយ៍វិទ្យុដែលផ្សាយព័ត៌មានបន្តឲ្យវិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុសំឡេងប្រជាធិបតេយ្យជាដើម។
ជាងនេះទៅទៀតមានការបិទកាសែតឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដោយការបង្ខំឲ្យបង់ពន្ធជាង៦លានដុល្លារ។
ចំណែកវិទ្យុអាស៊ីសេរី ក៏ត្រូវបង្ខំចិត្តបិទការិយាល័យរបស់ខ្លួននៅភំ្នពេញដោយសារការធ្វើទុក្ខបុកម្នេញផ្នែកពន្ធដារ នេះដូចគ្នា។
សន្ទស្សន៍នៃសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០១៨ របស់អង្គការអ្នកកាសែតគ្មានព្រំដែន ដែលចេញផ្សាយកាលពីថ្ងៃទី២៥ ខែមេសា បង្ហាញថា ប្រទេសកម្ពុជាមានចំណាត់ថ្នាក់អាក្រក់ផ្នែកសេរីភាពសារព័ត៌មានដោយឈរនៅលេខរៀង១៤២ ទាបជាងប្រទេសភូមា ប្រទេសថៃ និងប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ី៕