30 C
Phnom Penh

ជប៉ុននឹងផ្តល់សម្ភារៈបោសសម្អាតមីន តម្លៃជិត៥លានដុល្លារ ដល់កម្ពុជានៅសប្តាហ៍ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាស៊ីម៉ាក់ (CMAC) នៅថ្ងៃទី៨ ខែឧសភា ខាងមុខនេះ នឹងរៀបចំកម្មវិធីផ្ទេរ និងប្រគល់គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ចំនួន៥គ្រឿង និងសម្ភារៈបច្ចេកទេសគាំទ្រការបោសសម្អាតមីនមួយចំនួនជិត៥លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់ជប៉ុន។

សារព័ត៌មានរបស់លោក ហ៊ុន សែន បានដកស្រង់សម្តីរបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនស៊ីម៉ាក់ (CMAC) ចុះផ្សាយកាលពីម្សិលមិញថា គ្រឿងចក្រ និងសម្ភារៈទាំងអស់នេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលផ្តល់មកឲ្យកម្ពុជាដើម្បីធ្វើសកម្មភាពកម្ចាត់មីន។

លោកបន្តថា កម្មវិធីផ្ទេរ និងប្រគល់នេះ នឹង នឹងរៀបចំនៅទីបញ្ជាការស៊ីម៉ាក់ ខេត្តបាត់ដំបង។

នៅឆ្នាំ២០១៨នេះ ស៊ីម៉ាក់ មានផែនការបោសសម្អាតផ្ទៃដីចំការមីន ឲ្យបាន១២០គីឡូម៉ែត្រការ៉េ ដែលត្រូវការជំនួយប្រមាណ១៨លានដុល្លារអាមេរិក។

កម្មវិធីអភិវឌ្ឍន៍របស់សហប្រជាជាតិប្រចាំនៅកម្ពុជា(UNDP) កាលពីចុងឆ្នាំ២០១៧ កន្លងទៅនេះបានផ្តល់ជំនួយដល់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ស៊ីម៉ាក់ (CMAC) ចំនួន១លានដុល្លារ អាមេរិក សម្រាប់ដំណើរការដោះមីនក្នុងរយៈពេល១ឆ្នាំគឺនៅឆ្នាំ២០១៨ខាងមុខនេះ។

គម្រោងនេះផ្តោតទៅលើទីតាំងដែលមានគ្រាប់មីន នៅតាមខេត្តចំនួន៣ជាប់ព្រំដែនកម្ពុជា-ថៃ រួមមានខេត្តប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស