លោក ហ៊ុន សែន កាលពីថ្ងៃពុធបានប្រកាសស្វាគមន៍ដល់គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីគណបក្សរបស់ខ្លួន ព្រមទាំងបេក្ខជនឈរឈ្មោះប្រកួតប្រជែង នៅក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦។
លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោក ដោយចាត់ទុកថា ការចូលរួមរបស់គណបក្សនយោបាយទាំងនេះគឺបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា កម្ពុជាកំពុងគោរព និងអនុវត្តន៍នូវ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលគណបក្សនយោបាយតូចធំទាំងអស់ ក្នុងប្រទេសមានសិទ្ធិ និងឱកាសចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
រហូតមកទល់ពេលនេះយ៉ាងហោចណាស់មានគណបក្សនយោបាយចំនួនបីបានចុះបញ្ជីគណបក្សនយោបាយ និងចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា ឆ្នាំ២០១៨ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្របពេលដែលគណបក្សនយោបាយចំនួន១៦ផ្សេងទៀត បានមកទទួលពាក្យសុំចុះបញ្ជីឈ្មោះ។
ការប្រកាសស្វាគមន៍គណបក្សតូចតាចរបស់លោក ហ៊ុន សែន ដែលបានចុះបញ្ជីចូលរួមការបោះឆ្នោតជាតិនៅខែកក្កដា ខាងមុខនេះ ក្រោយពីប្រធានចលនាសង្គ្រោះជាតិ លោកសម រង្ស៊ី បានប្រកាសអំពាវនាវម្តងហើយម្តងទៀតជំរុញឲ្យពលរដ្ឋខ្មែរទាំងអស់ ធ្វើពហិការកុំទៅបោះឆ្នោត ប្រសិនបើគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែង។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) កាលពីចុងខែមេសា បានទាមទារឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ប្រញាប់បញ្ចប់វិបត្តិនយោបាយ ជាបន្ទាន់ដើម្បីអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ អាចចូលរួមប្រកួតប្រជែង ការបោះឆ្នោតជាតិ នាពេលខាងមុខ បើមិនដូច្នេះទេការបោះឆ្នោតនោះ គ្រាន់តែធ្វើឡើងដើម្បីបោកបញ្ឆោតមហាជនប៉ុណ្ណោះ៕