ក្រុមសមត្ថកិច្ចខេត្តពោធិសាត់បានឃាត់ខ្លួនបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលចំនួន១៧នាក់ ពីបទបង្កើតកុងត្រូលជជុះជំរិតទារលុយអ្នកដំណើរនៅទូទាំងខេត្តនេះ។
សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោកធាង ឡេង ប្រធានប៉ុស្តិ៍នគរបាលស្រុកវាលវែង ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា បុរសទាំង១៧នាក់នោះត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី១ខែឧសភា។
លោកបន្តថា ពួកគេគឺជាបុគ្គលិករបស់អង្គការការពារបរិស្ថាន និងសិទ្ធិមនុស្ស ដែលបានចុះបញ្ជីត្រឹមត្រូវជាអង្គការស្របច្បាប់។
មន្រ្តីសមត្ថកិច្ចរូបនេះបានឲ្យដឹងទៀតថា មនុស្សទាំង១៧នាក់នោះ បានដាក់វេនគ្នាយាមល្បាតតាមផ្លូវទាំងយប់ ទាំងថ្ងៃ ដើម្បីជំរិតទារប្រាក់ពីប្រជាពលរដ្ឋចំនួនចន្លោះពី២៥ដុល្លារដល់៥០ដុល្លារ ពីពលរដ្ឋទាំងឡាយណាដែលបានដឹកឈើបន្តិចបន្តួចសម្រាប់យកទៅធ្វើផ្ទះ។
លោក ធាង ឡេងបន្តថា ជនសង្ស័យទាំងនេះ ស្លៀកពាក់ឯកសណ្ឋានរបស់អង្គការដើម្បីធ្វើឲ្យពលរដ្ឋជឿជាក់ថា ពួកគេគឺជាក្រុមត្រួតពិនិត្យស្របច្បាប់។
លោកបន្តថា សមត្ថកិច្ចស្រុកធ្លាប់បានព្រមានក្រុមនេះ ម្តងរួចមកហើយឲ្យបញ្ឈប់សកម្មភាពអនាធិបតេយ្យជំរិតទារប្រាក់ពីអ្នកស្រុក។
ជនសង្ស័យទាំងនោះត្រូវបានបញ្ជូនទៅតុលាការខេត្តពោធិ៍សាត់ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕