28 C
Phnom Penh

ក្រសួងបរិស្ថាន៖ នៅភ្នំពេញមិនមានការបំពុលខ្យល់ធ្ងន់ធ្ងរនាំឲ្យប៉ះពាល់សុខភាពឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងបរិស្ថានកាលពីម្សិលមិញបានអះអាងថា នៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះមិនការបំពុលខ្យល់ធ្ងន់ធ្ងរ ដែលនាំឲ្យប៉ះពាល់ដល់ផ្លូវដង្ហើម និងសុខភាពរបស់ប្រជាពលរដ្ឋនោះឡើយ។

ការអះអាងនេះធ្វើឡើង បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមួយចំនួនថា ខ្យល់នៅក្នុងរាជធានីភ្នំពេញកំពុងទទួលរងនូវការបំពុលលើសកម្រិតសុវត្ថិភាពសុខភាព។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី៤ខែឧសភា ឲ្យដឹងថា ក្រសួងបរិស្ថានបានចាត់ទុកថា ការផ្សព្វផ្សាយនេះ អាចនាំឲ្យសាធារណជនមានការយល់ច្រឡំ និងព្រួយបារម្ភអំពីបញ្ហាសុខភាព ជាពិសេសអ្នកធ្វើដំណើរ និងអ្នកប្រកបរបរនៅតាមទីសាធារណៈ។

ក្រសួងនេះបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ន ក្រសួងបានអង្កេតតាមដានគុណភាពខ្យល់នៅតាមបណ្តាទីក្រុងធំៗជាច្រើននៅកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដើម្បីតាមដាន និងវាយតម្លៃអំពីស្ថានភាពគុណភាពខ្យល់ដើម្បីធានាដល់សុខភាពសាធារណៈ។

ជាលទ្ធផល ការអង្កេតតាមដានគុណភាពខ្យល់នៅតាមទីក្រុងធំៗ និងរាជធានីភ្នំពេញ បានបង្ហាញថា ទីក្រុងភ្នំពេញមិនទាន់មានការបំពុលខ្យល់ធ្ងន់ធ្ងរនោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលនិយាយថា ភាពចង្អៀត ណែនណាន់តាន់តាប់នៃចរាចរក្នុងទីក្រុងភ្នំពេញ កំពុងបង្ករឲ្យមានការបំផ្លាញដល់បរិយាកាសបរិស្ថានទីក្រុងយ៉ាងខ្លាំង។

ពួកគេជំរុញឲ្យរដ្ឋាភិបាលបង្កើតប្រព័ន្ធគមនាគមន៍ ឲ្យច្រើនដើម្បីកាត់បន្ថយការប្រើប្រាស់រថយន្ត និងតូចក្រយានយន្តដើម្បីធានាគុណភាពខ្យល់ និងសុខភាពរបស់ពលរដ្ឋ ព្រមទាំងកាត់បន្ថយភាពកកស្ទះនៅក្នុងទីក្រុងថែមទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស