រដ្ឋមន្រ្ដីក្រសួងដែនដី លោក ជា សុផារ៉ា អំពាវនាវឲ្យគ្រប់ម្ចាស់គម្រោង ដែលកំពុងសាងសង់ និងគ្រោងនឹងសាងសង់ ដូចជា Condoរមណីយដ្ឋាន ភោគជនីយដ្ឋាន និងគំរោងផ្សេងៗទៀត ត្រូវតែរៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់រឹង និងរាវឲ្យបានល្អជាមុនសិន មុននឹងសាងសង់ ដើម្បីជួយការពារបរិស្ថាននៅកម្ពុជា។
ការលើកឡើងរបស់លោកជា សុផារ៉ា ធ្វើឡើងនៅពេលដែលលោកចូលរួមក្នុងការបើកដំណើរការបុកគ្រឹះសាងសង់គម្រោងលំនៅដ្ឋាន ឈ្មោះ The Palms កាលពីថ្ងៃទី២ ខែឧសភា។
លោក ជា សុផារ៉ា អះអាងថា ចំពោះខេត្តព្រះសីហនុវិញ ដើម្បីរួមចំណែកការពារតំបន់ឆ្នេរ មុននឹងលើកយកគម្រោងអ្វីមួយមកសុំច្បាប់សាងសង់ ពីក្រសួងរៀបចំដែនដី នគររូបនីយកម្ម ត្រូវមានការរៀបចំប្រព័ន្ធចម្រោះទឹកឲ្យបានល្អ និងមានស្ដង់ដារខ្ពស់ជាងមុន មុននឹងរៀបចំគម្រោងសាងសង់ដទៃទៀត។
ជាងនេះទៅទៀត លោក ជា សុផារ៉ា បញ្ជាក់ថា ដោយឡែកសម្រាប់លំនៅដ្ឋាន ដែលសាងសង់កាលពីមុន ខាងក្រសួងដែនដី ក៏កំពុងរៀបចំធ្វើឲ្យមានការសំអាតចេញពីក្រុមគ្រួសារមួយ ទៅក្រុមគ្រួសារមួយ មុននឹងបង្ហូរកាកសំណល់ទាំងអស់នោះចេញ៕