27 C
Phnom Penh

ពលរដ្ឋខេត្តក្រចេះមួយចំនួនស្លាប់ និងជាច្រើននាក់ទៀតបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខេត្តក្រចេះចំនួន៦នាក់បានស្លាប់បាត់បង់ជីវិត និង ៥២នាក់ផ្សេងទៀតកំពុងត្រូវការការជួយសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែកដោយសង្ស័យថា អាចបណ្តាលមកពីការបរិភោគទឹកដែលមានជាតិពុល កាលពីល្ងាចថ្ងៃទី៤ ខែឧសភា នៅភូមិស្រែននឃុំកន្ទួត ស្រុកចិត្របុរី។

អាជ្ញាធរខេត្តក្រចេះបានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃសៅរ៍ ថា ជនរងគ្រោះចំនួន៤នាក់ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងទីក្រុងភ្នំពេញ ប៉ុន្តែជាអកុសលជនរងគ្រោះជានារីម្នាក់ បានស្លាប់បាត់ជីវិតក្នុងពេលសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត។

លោកវ៉ា ថន អភិបាលខេត្តក្រចេះ បញ្ជាក់ថា ប្រជាពលរដ្ឋ ភាគច្រើនបាននាំគ្នាផឹកទឹកអូរ លុះពេលមានភ្លៀង ថ្នាំពុលដែលបាញ់ទៅលើស្មៅបានហូរចូលទៅក្នុងទឹក ហើយពលរដ្ឋប្រើប្រាស់ទឹកនោះ ទើបបណ្តាលឲ្យពុលតែម្តង។

អ្នកស្រុកនៅទីនោះអះអាងថា ពលរដ្ឋក្នុងភូមិនេះបានស្លាប់ជាបន្ត បន្ទាប់ គួរឲ្យព្រួយបារម្ភដោយមិនដឹងថា មកពីមូលហេតុពិតប្រាកដ។

មុនពេលស្លាប់ពួកគេមានអាការៈក្អួតចង្អោរ ត្រជាក់ដៃ ត្រជាក់ជើង ទឹកមុខស្លេកស្លាំង ហើយមានទឹកមាត់ពណ៌លឿងថែមទៀត។

រហូតមកទល់ពេលនេះគេនៅមិនទាន់ដឹងឲ្យប្រកដថា តើអូរ ឬ ទឹកស្ទឹងមួយណាដែលមានជាតិពុលនោះទេ។

អាជ្ញាធរខេត្តក្រចេះនៅមិនទាន់ បានចេញបកស្រាយអំពីបញ្ហានេះជាសាធារណៈនៅឡើយទេ។

ទោះជាយ៉ាងណាក៏ដោយ កាលពីប៉ុន្មានខែកន្លងមកនេះ ករណីពុលដូច្នេះធ្លាប់បានកើតចំពោះសត្វគោរបស់ពលរដ្ឋខេត្តព្រះវិហារ ដែលបណ្តាលឲ្យគោជាច្រើនក្បាលងាប់ ក្រោយពីគោទាំងនោះទៅស៊ីស្មៅក្បែរក្រុមហ៊ុនចិន។

ក្រុមអ្នកស្រុកនិយាយថា បញ្ហាគោងាប់នៅទីនោះអាចបណ្តាលមកពីក្រុមហ៊ុនចិនប្រើសារធាតុគីមីបាញ់សំលាប់សត្វល្អិត ឬសំលាប់ស្មៅនៅទីនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស