នាយកក្រុមហ៊ុន ប៉ុស្តិ៍ មីដៀPost Media និងជានាយកក្រុមហ៊ុន កាសែតភ្នំពេញប៉ុស្តិ៍ លោក ប៊ៀល ក្លោស៍ (Bill Clough) បានលក់ស្ថាប័នកាសែតនេះទៅឲ្យអ្នកកាសែតឈ្មោះ ស៊ីវ់ាឃូម៉ា ស៊ីវ៉ា (Sivakumar Siva) ដែលជាជនម៉ាឡេស៊ី។
ទោះជាយ៉ាងណាក៏ដោយ លោក ប៊ៀល ក្លោស៍មិនបានបញ្ជាក់ពីមូលហេតុនៃការលក់ក្រុមហ៊ុននេះនោះទេ ប៉ុន្តែលោកលើកឡើងថា ដោយសារតែវិបត្តិសេដ្ឋកិច្ចពិភពលោក បណ្តាលឲ្យប៉ះពាល់ដល់ចំណូលពីការផ្សាយពាណិជ្ជកម្ម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនប៉ុស្តិ៍ មីដៀ(Post Media) ដែលចេញផ្សាយកាលពីថ្ងៃទី៥ ខែឧសភា បញ្ជាក់ថា កាសែតនេះ បានដោះស្រាយបញ្ហាជំពាក់ពន្ធជាមួយនាយកដ្ឋានពន្ធដាររួចរាល់ហើយ។
កន្លងមកមានព័ត៌មានថា កាសែតភ្នំពេញប៉ុស្តិ៍បានជំពាក់ពន្ធរដ្ឋជិត ៤លានដុល្លារ ហើយកាសែតមួយនេះ បានប្រឈមមុខនឹងការបិទទ្វារ។
រដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលចុងក្រោយនេះបានយកលេសអំពី បញ្ហាពន្ធដារ ដើម្បីធ្វើការរឹតត្បិតទៅលើស្ថាប័នផ្សព្វផ្សាយព័ត៌មានឯករាជ្យមួយចំនួន ដូចជាករណីបង្ខំឲ្យកាសែត The Cambodia Daily និង វិទ្យុអាស៊ីសេរីបិទការិយាល័យនៅកម្ពុជា។
កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ កាសែតThe Cambodia Dailyបានបិទដំណើរទាំងស្រុង ក្រោយពេលនាយកដ្ឋានពន្ធដារចោទប្រកាន់ថា កាសែតនេះបានជំពាក់ពន្ធប្រមាណជាង៦លានដុល្លារ។
ប៉ុន្តែស្ថាប័នកាសែត The Cambodia Dailyអះអាងថា ការបិទកាសែមួយនេះធ្វើឡើងដោយសារហេតុផលនយោបាយតែប៉ុណ្ណោះ៕