ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលកាលពីថ្ងៃច័ន្ទម្សិលមិញបានបដិសេធបណ្តឹងរបស់មេធាវីលោក កឹម សុខា ដែលស្នើសុំដោះលែង កូនក្តីរបស់ពួកគេឲ្យនៅក្រៅឃុំបណ្តោះអាសន្ន និងបណ្ដឹងសុំលុបចោលសេចក្តីសម្រេចបន្តឃុំខ្លួនលោក កឹម សុខា ៦ខែទៀត។
ចៅក្រមជំនុំជម្រះលើកហេតុផលថា ប្រសិនបើដោះលែងលោក កឹម សុខា នៅពេលនេះនឹងអាចនាំឲ្យមានការរត់គេចទៅក្រៅប្រទេស ហើយធ្វើឲ្យលំបាកដល់ដំណើរការនីតិវិធីរបស់តុលាការ។
សវនាការនោះពុំមានវត្តមានរបស់លោក កឹម សុខាទេគឺមានតែមេធាវីរបស់លោកចំនួនបីនាក់ រួមមានអ្នកស្រី មេង សុភារី លោក ចាន់ចេង និងលោកផែង ហេងប៉ុណ្ណោះ។
ក្រុមមេធាវីរបស់លោក កឹម សុខា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កូនក្តីរបស់ពួកគេមិនដែលមានបំណងរត់គេចចេញពីប្រទេសកម្ពុជា នោះឡើយ ហើយថា លោក កឹម សុខា គួរត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដូចករណី ប្រធានគណបក្សខ្មែររួបរួមជាតិគឺលោកញ៉ឹក ប៊ុនឆៃ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចរបស់លោក ហ៊ុន សែន សម្រុកចូលចាប់ខ្លួនដល់ក្នុងផ្ទះកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទក្បត់ជាតិ ក្នុងបំណងផ្តួលរំលំរបបដឹកនាំរបស់លោក ហ៊ុន សែន ដោយមានការគាំទ្ររបស់សហរដ្ឋអាមេរិក។
ទាំងស.រ.អា.និងលោកកឹម សុខាបានបដិសេធការចោទប្រកាន់នេះ។
ក្រុមសិទ្ធិមនុស្សបានហៅការឃុំខ្លួនលោក កឹម សុខា ថា ជារឿងអយុត្តិធម៌ និងជាការប្រឌិតដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន ខ្លាចចាញ់ការបោះឆ្នោតជាតិនាខែកក្កដា ខាងមុខ ក្រោយពីគណបក្សប្រឆាំងមួយនេះបានទទួលសម្លេងគាំទ្រភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត ឃុំសង្កាត់ កាលពីខែមិថុនាឆ្នាំ២០១៧កន្លងទៅនេះ៕