30 C
Phnom Penh

លោក ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរជួយសម្រួលការឃោសនារបស់បក្សនយោបាយនៅទីតាំងសំខាន់ៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន កាលពីថ្ងៃច័ន្ទទី៧ ខែឧសភា បានទាមទារឲ្យអាជ្ញាធរទីក្រុងភ្នំពេញជួយសម្រួលដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយទាំងអស់។

លោក ហ៊ុន សែនបានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជួយសម្រួលដល់គណបក្សនយោបាយទាំងឡាយថែមទៀតជាពិសេសការចុះប្រមូលស្នាមមេដៃពលរដ្ឋដើម្បីបង្កើតគណបក្សនយោបាយ ការចុះហត្ថលេខាទទួលស្គាល់គណបក្សដែលទើបបង្កើតថ្មី ការសម្រួលឱ្យមានការជួបជុំសកម្មជនតាមមូលដ្ឋាន និងការលើកស្លាកគណបក្ស ជាដើម ក្នុងបុព្វហេតុធ្វើឲ្យដំណើរការប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជាមានភាពរីកចំរើនខ្ពស់។

ការអំពាវនាវរបស់លោក ហ៊ុន សែន ទាមទារឲ្យមានការបង្កលក្ខណៈងាយស្រួលដល់ការធ្វើសកម្មភាពនយោបាយរបស់គណបក្សដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខនេះធ្វើឡើង ក្រោយពីលោកធ្វើបានសម្រេចក្នុងការរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងមាន៥៥អាសនៈក្នុងរដ្ឋសភា កាលពីចុងឆ្នាំ ២០១៧កន្លងទៅ។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការអំពាវនាវរបស់លោក ហ៊ុន សែន គឺដើម្បីទាក់ទាញគណបក្សនយោបាយតូចៗជាច្រើនឲ្យនាំគ្នាចុះបញ្ជីឈ្មោះបោះឆ្នោតដើម្បីធ្វើជាដៃគូប្រកួតប្រជែងនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាក្នុងបំណងបោកបញ្ឆោតដល់ពលរដ្ឋ និងសហគមន៍អន្តរជាតិថា ការបោះឆ្នោតនៅកម្ពុជាក្នុងខែកក្កដាខាងមុខនឹងធ្វើឡើងដោយលក្ខណៈប្រជាធិបតេយ្យ និងស្របច្បាប់ប៉ុណ្ណោះ។

យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នៃរដ្ឋសភា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ទី ២៧ ខែកក្កដាខាងមុខ។

រហូមមកទល់ពេលនេះយ៉ាងហោចណាស់មានគណបក្សនយោបាយចំនួនបីរួមមានគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជាបានចុះបញ្ជីឈ្មោះបោះឆ្នោតនៅ គ.ជ.ប.ស្របពេលដែលគណបក្សចំនួនបីផ្សេងទៀតបានប្រកាសធ្វើពហិការការបោះឆ្នោតខាងមុខ រួមមានគណបក្សភ្លើងទៀន គណបក្សសិទ្ធិមនុស្ស និងគណបក្សអំណាចខ្មែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស