31.8 C
Phnom Penh

លោក ហ៊ុន សែន អះអាងថា UNនឹងមិនដកអាសនៈរបស់កម្ពុជាទេខណៈUNត្រូវការទ័ពមួកខៀវកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃច័ន្ទបានអះអាងថា អង្គការសហប្រជាជាតិនឹងមិនដកអាសនៈតាមការអំពាវនាវរបស់គណបក្សប្រឆាំងនោះទេ ស្របពេលដែលអង្គការមួយនេះត្រូវការកងកម្លាំងរក្សា សន្តិភាពរបស់កម្ពុជា ហើយប្រទេសដែលជាសម្ព័ន្ធមិត្តរបស់លោកជាច្រើនកំពុងគាំទ្រការដឹកនាំរបស់លោកនោះ។

ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានពង្រីកកំណាត់ផ្លូវជាតិលេខ៣ ថ្ងៃទី៧ខែនេះ។

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីសប្តាហ៍កន្លងទៅនេះ បានព្រមានថា ប្រសិនបើលោក ហ៊ុន សែន មិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតទេ នោះគណបក្សប្រឆាំងនេះនឹងទាមទារឲ្យអង្គការសហប្រជាជាតិព្យួរអាសនៈរបស់កម្ពុជាជាបណ្តោះអសន្នសិន លុះត្រាមានដំណោះស្រាយនយោបាយពិតប្រាកដស្របតាមយន្តការប្រជាធិបតេយ្យ។

ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន បានប្រកាសរួចជាស្រេចទៅហើយថា ប្រទេសក្នុងសហគមន៍អាស៊ានរួមមានចិន ឥណ្ឌា កូរ៉េខាងត្បូង និងជប៉ុន កំពុងគាំទ្រការដឹកនាំរបស់លោក។

ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុនកាលពីខែមេសា កន្លងទៅនេះ បានប្រាប់កូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ថា ជប៉ុនចង់ឃើញការបោះឆ្នោតនៅកម្ពុជាធ្វើឡើងតាមលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ដែលឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ពលរដ្ឋ។

ក្រុមអ្នកវិភាគនិយាយថា ការលើកឡើងរបស់រដ្ឋាភិបាលជប៉ុនដូច្នេះ គឺដោយសារជប៉ុនមានការព្រួយបារម្ភថា ការបោះឆ្នោតនៅកម្ពុជានាខែ កក្កដានឹងមិនសេរី ត្រឹមត្រូវនិងមិនយុត្តិធម៌នោះទេ ដរាបណាគ្មានការចូល រួមពីគ្រប់ភាគីពាក់ព័ន្ធជាពិសេសគឺគណបក្សសង្គ្រោះជាតិសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើមនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស