28 C
Phnom Penh

ពលរដ្ឋខេត្តក្រចេះស្លាប់ជាច្រើននាក់ ហើយជាង២រយនាក់ទៀតត្រូវបញ្ជូនទៅមន្ទីរពេទ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រហូតមកទល់ពេលនេះយ៉ាងហោចណាស់មានពលរដ្ឋខេត្តក្រចេះចំនួន១៣នាក់បានស្លាប់បាត់បង់ជីវិត និងជាង២រយនាក់ទៀតត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយសង្ស័យថា អាចបណ្តាលមកការពុលទឹកក្នុងឃុំកន្ទួត សុ្រកចិត្របូរី។

ចំណែកពលរដ្ឋរស់នៅក្នុងភូមិចំនួន ៤ក្នុងឃុំកន្ទួតនេះក៏បានបង្ខំចិត្តចាកចេញពីផ្ទះសម្បែងដោយសារបារម្ភពីសុខភាព។

ពលរដ្ឋរស់នៅភូមិស្រែនន ឃុំកន្ទួត កាលពីម្សិលមិញ អះអាងថាអ្នកភូមិទាំងនោះស្លាប់ដោយសារពុលទឹកព្រែកនៅក្នុងភូមិដ្ឋានរបស់ពួកគេ។

ហើយអ្នកស្លាប់ភាគច្រើនមិនទាន់ត្រូវបានបងប្អូនធ្វើបុណ្យសពនោះទេ ដោយសារក្រុមគ្រួសាររបស់ពួកគាត់បានរត់ចោលផ្ទះសម្បែងទៅជ្រកនៅកន្លែងផ្សេងបណ្តោះអាសន្នសិន ព្រោះបារម្ភពីសុខភាព។

ពួកគេនិយាយថា ពលរដ្ឋដែលស្លាប់ទាំងនោះ ភាគច្រើនជាស្ត្រី។

អភិបាលខេត្តក្រចេះ លោក វ៉ា ថន កាលពីថ្ងៃសៅរ៍កន្លងទៅនេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើនបាននាំគ្នាផឹកទឹកអូរ លុះពេលមានភ្លៀង ថ្នាំពុលដែលបាញ់ទៅលើស្មៅបានហូរចូលទៅក្នុងទឹក ហើយពលរដ្ឋប្រើប្រាស់ទឹកនោះ ទើបបណ្តាលឲ្យពុលតែម្តង។

សមត្ថកិច្ចខេត្តក្រចេះ កាលពីថ្ងៃច័ន្ទឲ្យដឹងថា ក្រុមអ្នកជំនាញកំពុងស្រាវជ្រាវស្វែងរកមូលហេតុដែលបង្កឲ្យទឹកព្រែកនោះមានសារធាតុពុល ហើយអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ កំពុងចុះអន្តរាគមជួយពលរដ្ឋរងគ្រោះតាមរយៈការផ្តល់ជំនួយមនុស្សធម៌ បញ្ចុះសព និង ព្យាបាលជំងឺ។

ក្រសួងសុខាភិបាលបញ្ជាក់ថា ទឹកព្រែកក្នុងខេត្តក្រចេះនោះ មានសារធាតុគីមីមេតាណុល និងសារធាតុក្រូមីញ៉ូម (Chromium) កម្រិតខ្ពស់ដែលបណ្តាលឲ្យមនុស្សស្លាប់ និងធ្លាក់ខ្លួនឈឺជាច្រើននាក់ដូច្នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស