34 C
Phnom Penh

ម្ចាស់កាសែតភ្នំពេញប៉ុស្ត៍ថ្មីបានបណ្តេញបុគ្គលិករបស់ខ្លួនចំនួន៣នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថៅកែថ្មីរបស់កាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃច័ន្ទបានបញ្ឈប់ការងារលោក កៃ កឹមសុង និពន្ធនាយក និងអ្នកយកព័ត៌មាន និងជនបរទេសពីររូប ដោយសារតែពួកគេបានចុះផ្សាយអត្ថបទមួយអំពីការលក់ និងទិញកាសែតមួយនេះទៅឲ្យក្រុមហ៊ុនម៉ាឡេស៊ីកាលពីថ្ងៃទី៦ ខែឧសភា។

លោក កៃ កឹមសុង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក និងអ្នកកាសែតដទៃទៀតសុខចិត្តបាត់បង់ការងារដោយមិនក្បត់វិជ្ជាជីវៈរបស់ខ្លួននោះឡើយ។

លោក កៃ កឹមសុង អះអាងថា ម្ចាស់ថ្មីអាចចាប់ផ្តើមគ្រប់គ្រងកាសែតមួយនេះនៅថ្ងៃទី១៦ ខែឧសភា ប៉ុន្តែម្ចាស់ថ្មីជាជនជាតិម៉ាឡេស៊ី គឺលោក ស៊ីវ៉ាឃូម៉ា ស៊ីវ៉ា (Sivakumar Siva) អះអាងថា លោកបានមកគ្រប់គ្រងកាសែតភ្នំពេញប៉ុស្តិ៍ចាប់ពីថ្ងៃទី៧ ឧសភា ម្សិលមិញនេះ ហើយបញ្ជាឲ្យលោកដកអត្ថបទដែលចុះផ្សាយអំពីការលក់ទិញនេះ។

អត្ថបទមួយរបស់កាសែតភ្នំពេញប៉ុស្តិ៍ ដែលសរសេរដោយលោក ប្រ៊ែនឌែន អូប៊ើន (Brendan O’Byrne) និងលោក អាណាន់ បាលីហ្កា (Ananth Baliga) ដែលចេញផ្សាយកាលពីថ្ងៃទី៦ខែឧសភា បានសរសេរថា កាសែតភ្នំពេញប៉ុស្ដិ៍បានលក់ទៅឱ្យលោក ស៊ីវ៉ាឃូម៉ា ស៊ីវ៉ា (Sivakumar Siva) ដែលជាអ្នករកស៊ីជនជាតិម៉ាឡេស៊ី និង នាយកប្រតិបត្តិនៃក្រុមហ៊ុន Asia PR ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី។

បណ្តាញសារព័ត៌មាន Asia PR បានដំណើរការកាសែត Cambodia Times ដែលគាំទ្រជំហររបស់រដ្ឋាភិបាលកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩០មកម៉្លេះ។

ការលក់កាសែតភ្នំពេញប៉ុស្តិ៍ ធ្វើឡើងក្រោយពីរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញកាសែតនេះក្នុងករណីពន្ធដារ។

ស្ថាប័នពន្ធដាររបស់កម្ពុជាអះអាងថា កាសែតមួយនេះ បានជំពាក់ពន្ធរដ្ឋជិត ៤លានដុល្លារ។

ប៉ុន្តែម្ចាស់កាសែតភ្នំពេញប៉ុស្តិ៍អះអាងថា ខ្លួនបានដោះស្រាយបញ្ហាពន្ធដារជាមួយរដ្ឋាភិបាលរួចរាល់ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស