ក្រសួងសុខាភិបាល កាលពីថ្ងៃអង្គារម្សិលមិញបានឲ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋចំនួន១៣នាក់ស្លាប់ និងរាប់រយនាក់ទៀតត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះដោយសារការពុលសារធាតុគីមីសម្លាប់ស្មៅ និងសម្លាប់សត្វល្អិតកម្រិតខ្ពស់ក្នុងទឹកអូរ។
ក្រសួងនេះអះអាងថា ការពុលនេះអាចបណ្តាលមកពីការពុលស្រាផងដែរ។
ក្រសួងសុខាភិបាលបានអំពាវនាវឱ្យពលរដ្ឋឈប់ទទួលទានស្រាស និងឈប់ប្រើប្រាស់ទឹកព្រែក និងអូរ នៅក្នុងឃុំកន្ទួត ស្រុកចិត្របុរី ជាបន្ទាន់។
ក្រសួងសុខាភិបាលបានយកស្រាសធ្វើវិភាគរកឃើញថា មានជាតិមេតាណុលខ្ពស់លើសកម្រិតរហូតដល់ទៅជិត១៥% ដែលអាចនាំឲ្យ គ្រោះថ្នាក់ដល់ជីវិតមនុស្ស។
ចំណែកនៅក្នុងទឹកអូរវិញមានផ្ទុកទៅដោយសារធាតុពុលដែលបណ្តាលមកពីការបាញ់ថ្នាំសម្លាប់ស្មៅ និងសម្លាប់សត្វល្អិតក្នុងកម្រិតខ្ពស់ ។
ទោះជាយ៉ាងណាក៏ដោយរហូតមកទល់ពេលនេះគេនៅមិនទាន់ឃើញមានសមត្ថកិច្ចបើការស៊ើបអង្កេតស្វែងរកមុខអ្នកដែលទទួលខុសត្រូវ ក្នុងការបាញ់ថ្នាំសម្លាប់សត្វល្អិត និងបាញ់ស្មៅ និងអ្នកបិទស្រាស ដែលមានជាតិពុលធ្វើឲ្យមានមនុស្សស្លាប់នោះទេ។
ចំណែកពលរដ្ឋនៅក្នុងឃុំកន្ទួត ជាច្រើននាំគ្នាភៀសខ្លួនចេញពីតំបន់នេះជាបណ្តើរៗដោយសារពួកគេព្រួយបារម្ភអំពីសារធាតុពុល ទាំងនេះដែលនាំឲ្យមានគ្រោះថា្នក់ដល់អាយុជីវិត៕