អង្គការសិទ្ធិមនុស្សអន្តរជាតិដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារបានទាមទារឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន បញ្ឈប់ ការធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំងតាមរយៈប្រព័ន្ធតុលាការរបស់ខ្លួន។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ ចាត់ទុកសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ដែលផ្តន្ទាទោសសកម្មជនគណបក្សសង្គ្រោះជាតិទាំង១១នាក់នោះ ថាធ្វើឡើងក្នុងហេតុផលនយោបាយ។
សាលាឧទ្ធរណ៍នឹងប្រកាសសេចក្តីសម្រេច លើបណ្តឹងសារទុក្ខរបស់អ្នកជាប់ឃុំទាំង១១រូបនោះ នៅថ្ងៃទី១០ ខែឧសភាខាងមុខនេះ។
នាយកប្រតិបត្តិ ទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស អន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាំស៍ (Brad Adams) និយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការនេះ ដោយហៅចំណាត់ការរបស់តុលាការកម្ពុជាមកលើអ្នកទាំង ១១ នាក់នោះ ថា ជារឿងប្រឌិតសុទ្ធសាធដើម្បីដាក់បន្ទុកមកលើគណបក្សប្រឆាំងតែប៉ុណ្ណោះ។
លោកបន្តថា លោក ហ៊ុន កចាប់ឃុំខ្លួនក្រុមសកម្មជនគណបក្សប្រឆាំងទាំងនេះ ដោយសារលោកខ្លាចចាញ់ការបោះឆ្នោតជាតិនាពេលខាងមុខ។
សកម្មជនទាំង១១នាក់នេះ រួមមាន លោក មាជ សុវណ្ណារ៉ា លោក អាន បឋម លោក អ៊ុក ពេជ្រ សំណាង លោក អឿ ណារិត និងមនុស្សមួយចំនួនទៀត។
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសអ្នកទាំង១១នាក់ ឲ្យជាប់ពន្ធនាគារ ម្នាក់ៗពី៧ឆ្នាំដល់២០ឆ្នាំ ពីបទចូលរួមដឹកនាំធ្វើកុប្បកម្ម នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤៕