34 C
Phnom Penh

អង្គការសហប្រជាជាតិជំរុញរដ្ឋាភិបាលទីក្រុងភ្នំពេញដោះលែងលោក កឹម សុខាដោយគ្មានលក្ខខណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីភ្នាក់ងារអង្គការសហប្រជាជាតិបានហៅការឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិថា ធ្វើឡើងតាមទំនើងចិត្ត ទាំងអយុត្តិធម៌។

ទីភ្នាក់ងារនេះបានទាមទារឲ្យអាជ្ញាធរកម្ពុជា ដោះលែងមេដឹកនាំគណបក្សសង្គ្រោះជាតិជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។

ទីភា្នក់ងារអង្គការសហប្រជាជាតិដែលឃ្លាំមើលការឃុំឃាំងដោយអយុត្តិធម៌ ឬហៅកាត់ថា WGAD បានចាត់ទុកការចាប់ខ្លួននិងការឃុំឃាំងលោកកឹមសុខាថា ធ្វើឡើងក្នុងហេតុផលនយោបាយ ដែលនាំឲ្យមានកើនឡើងនៃការគាបសង្កត់លើក្រុមអ្នករិះគន់រដ្ឋាភិបាលមុនការបោះឆ្នោតជាតិនាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ការអំពាវនាវរបស់ទីភា្នក់ងារអង្គការសហប្រជាជាតិនេះធ្វើឡើងក្រោយពីតុលាការកំពូលកាលពីថ្ងៃច័ន្ទបានសំរេចបន្តឃុំខ្លួន លោកកឹម សុខាចំនួន៦ខែទៀត។

ទីភ្នាក់ងារ WGAD បានអំពាវនាវដល់អាជ្ញាធរកម្ពុជាផ្តល់សំណងដល់ លោក កឹមសុខា និងសំណងផ្សេងៗទៀតសម្រាប់ការឃុំឃាំងដោយបំពាន។

ក្រុមនេះក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាសុខភាព របស់លោកកឹមសុខា ដែល កំពុងទទួលរងការឈឺចាប់ធ្ងន់ធ្ងរដោយសារជំងឺត្បៀតសរសៃស្មា សម្ពាធឈាមខ្ពស់ និងជម្ងឺលើសឈាមជាដើម។

ទីភ្នាក់ងារអង្គការសហប្រជាជាតិដែលឃ្លាំមើលការឃុំឃាំង ដោយបំពាន បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ធានាឱ្យលោកកឹម សុខា ទទួលការព្យាបាលត្រឹមត្រូវឱ្យបានឆាប់រហ័ស។

សមត្ថកិច្ចរបស់លោក ហ៊ុន សែន បានសម្រុកចាប់ខ្លួនលោក កឹម សុខាដល់ក្នុងផ្ទះកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទក្បត់ជាតិដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។

ការចាប់ខ្លួននេះ ធ្វើឡើងក្រោយពីគណបក្សសង្គ្រោះជាតិទទួលបានសម្លេងគាំទ្រច្រើនភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស