វីដេអូ

ក្រុមចោរព័ត៌មានវិទ្យាបានយកគេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ជាទីតាំងវាយប្រហារទៅលើក្រុមសិទ្ធិមនុស្ស

By ឌឹ ខេមបូឌា ដេលី

May 16, 2018

ក្រុមចោរព័ត៌មានវិទ្យាបានយកគេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ជាទីតាំងវាយប្រហារទៅលើក្រុមសិទ្ធិមនុស្ស ក្រុមហ៊ុនសន្តិសុខប្រព័ន្ធអ៊ីនធឺណេតមួយដែលមានទីតាំងក្នុងទីក្រុង Canberra ប្រទេសអូស្ត្រាលីឈ្មោះFireEyeអះអាងថា ក្រុមចោរព័ត៌មានវិទ្យាឈ្មោះ APT32 របស់រដ្ឋាភិបាលវៀតណាម កំពុងធ្វើសកម្មភាពវាយប្រហារ និងលួចយកទិន្នន័យតាមប្រព័ន្ធអ៊ីនថឺណែតពីបរទេស ដើម្បីបម្រើផលប្រយោជន៍នយោបាយឲ្យរដ្ឋវៀតណាម។

សារព័ត៌មានអូស្ត្រាលី ABC បានដកស្រង់សម្តី នាយិកាអង្គការការពារសិទ្ធិមនុស្សលីកាដូ អ្នកស្រីNaly Pilorgeចុះផ្សាយ កាលពីថ្ងៃអង្គារថា ម៉ាស៊ីនកុំព្យូទ័រជាច្រើនគ្រឿងក្នុងអង្គការមួយនេះ បានឆ្លងមេរោគកុំព្យូទ័រ នៅពេលដែលបុគ្គលិកអង្គការរបស់អ្នកស្រី ចូលទៅបើកមើលទំព័រវែបសាយត៍របស់កាសែតភ្នំពេញប៉ុស្តិ៍។

អ្នកស្រីបន្តថា អង្គការអ្នកស្រីបានចាត់វិធានការដើម្បីទប់ស្កាត់មេរោគនេះ។

ក្រុមហ៊ុនសន្តិសុខប្រព័ន្ធអ៊ីនធឺណេតអូស្ត្រាលីឈ្មោះ FireEye បញ្ជាក់ថា ខ្លួនបានរកឃើញថា គេហទំព័ររបស់កាសែតភ្នំពេញប៉ុស្តិ៍ បានឆ្លងមេរោគរបស់ក្រុមចោរព័ត៌មានវិទ្យាឈ្មោះ APT32 នេះ តាំងពីចុងឆ្នាំ២០១៧មកម៉្លេះ។

ក្រុមចោរព័ត៌មានវិទ្យាមួយនេះបានប្រើប្រាស់គេហទំព័រល្បីៗ ដើម្បីបើកការវាយប្រហារតាមរយៈការបញ្ជូនមេរោគMalwareទៅលើគោលដៅទាំងឡាយណាដែលបានចូលទៅបើកមើលគេហទំព័រ ដែលបានឆ្លងមេរោគនេះ៕