34 C
Phnom Penh

អ្នកច្បាប់អាមេរិកាំងរួមដៃគ្នាដាក់ទណ្ឌកម្មរដ្ឋាភិបាលក្រុងភ្នំពេញដែលបំផ្លាញប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកច្បាប់អាមេរិកាំងរួមដៃគ្នាដាក់ទណ្ឌកម្មរដ្ឋាភិបាលក្រុងភ្នំពេញដែលបំផ្លាញប្រជាធិបតេយ្យ ក្រុមតំណាងរាស្រ្តអាមេរិកាំងមកពីគណបក្សទាំងពីរកំពុងបោះពួយបង្កើតច្បាប់មួយស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨គឺច្បាប់ លេខH.R. 5754 ដើម្បីដាក់ទណ្ឌកម្មដល់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានរំលាយមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។

ទណ្ឌកម្មទាំងនោះមានបីចំណុចធំៗ ទី១ គឺការបង្កកទ្រព្យសម្បត្តិរបស់មន្រ្តីជាន់ខ្ពស់នៃរបបលោក ហ៊ុន សែន ដែលបានដាក់តម្កល់ក្នុងសហរដ្ឋអាមេរិក។

ទី២ រឹតត្បិតដល់ការផ្ទេរលុយចេញចូលសហរដ្ឋអាមេរិក ហើយទី៣គឺបិទទិដ្ឋាការដល់មន្រ្តីយោធាជាន់ខ្ពស់ កងកំលាំង សន្តិសុខ និងមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលដែលបានចូលដៃជាមួយ លោក ហ៊ុន សែន ក្នុងការរំលាយគណបក្សសង្គ្រោះជាតិ ចាប់ខ្លួន មេដឹកនាំគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារ និងហាមមន្រ្តីរបស់គណបក្សនេះ ចំនួន១១៨នាក់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។

តំណាងរាស្រ្តសហរដ្ឋអាមេរិកពីខាងគណបក្សប្រជាធិបតេយ្យ លោក Alan Lowenthalកាលពីល្ងាចថ្ងៃអង្គារ បានប្រកាសថា លោកសហការនឹងលោកTed Yoho តំណាងរាស្រ្តពីខាងគណបក្សសាធារណរដ្ឋ និងជាប្រធានអនុគណៈកម្មាធិការកិច្ចការបរទេសទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីរួមដៃគ្នាស្វែងរកការដាក់ទណ្ឌកម្ម ដល់របបលោកហ៊ុនសែន។

លោក Alan Lowenthalមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ របស់លោកថា រូបលោក និងតំណាងរាស្រ្ត អាមេរិកាំងជាច្រើនទៀតបានព្រមានលោក ហ៊ុន សែន ម្តងហើយម្តងទៀតថា ត្រូវតែគោរពកិច្ចព្រមព្រៀងទាំងឡាយណាដែលលោកបានចុះហត្ថលេខាយល់ព្រមរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែមេដឹកនាំដែលក្តោបក្តាប់អំណាចជាង៣០ឆ្នាំរូបនេះ មិនត្រឹមតែមិនគោរពកិច្ចសន្យាទាំងនោះទេ តែថែមទាំងធ្វើពុតជាមានការរៀបចំការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ទៅវិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស