29 C
Phnom Penh

រដ្ឋសភាអាមេរិកអនុម័តសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋសភាអាមេរិកអនុម័តសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន គណៈកម្មាធិការកិច្ចការបរទេសរបស់សភាតំណាងរាស្រ្តសហរដ្ឋ អាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានបើកសវនាអនុម័តលើ សេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៨ លេខ H.R. 5754។

សេចក្តីព្រាងច្បាប់នេះនឹងបញ្ជូនបន្តទៅកាន់សវនា ការនៃសភាពេញអង្គក្នុងវិមានរដ្ឋសភា(Capitol Hill) នៅពេលឆាប់ៗខាងមុខនេះ ហើយបន្ទាប់មកនឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា។

ក្រោយព្រឹទ្ធសភាអាមេរិកាំងអនុម័តរួចសេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅកាន់ប្រធានាធិបតីដើម្បីចុះហត្ថលេខាប្រកាសចូលជាធរមានតែម្តង។

ទោះជាយ៉ាងណាក៏ដោយអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសានធ្លាប់ប្រាប់ក្រុមអ្នកសារព័ត៌មានថា សេចក្តីព្រាងច្បាប់របស់ក្រុមតំណាងរាស្រ្តសហរដ្ឋអាមេរិកនេះគ្មានអំណាចអ្វីមកលើការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជានោះឡើយ។

ប៉ុន្តែលោកAlan Lowenthalដែលជាអ្នកចូលរួមបង្កើតសេចក្តីព្រាងច្បាប់នេះឡើងអះអាងនៅក្នុងសេចក្តីថ្លែងការណ៍របស់ លោកកាលពីថ្ងៃអង្គារថា សេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨ លេខ H.R. 5754 នេះមានឥទ្ធិពលខ្លាំងក្នុងការដាក់ទណ្ឌកម្មដល់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានរំលាយមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។

លោកបន្តថា ទណ្ឌកម្មទាំងនោះមានបីចំណុចធំៗ ទី១ គឺការបង្កកទ្រព្យសម្បត្តិរបស់មន្រ្តីជាន់ខ្ពស់នៃរបបលោកហ៊ុន សែនដែលបានដាក់តម្កល់ក្នុងសហរដ្ឋអាមេរិក។

ទី២ រឹតត្បិតដល់ការផ្ទេរលុយចេញចូលសហរដ្ឋអាមេរិក ហើយទី៣ គឺបិទទិដ្ឋាការដល់មន្រ្តីយោធាជាន់ខ្ពស់ កងកំលាំង សន្តិសុខ និងមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលដែលបានចូលដៃជាមួយលោកហ៊ុន សែន ក្នុងការរំលាយគណបក្សសង្គ្រោះជាតិ ចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារ និងហាមមន្រ្តីរបស់គណបក្សនេះ ចំនួន១១៨នាក់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំថែមទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស