30 C
Phnom Penh

ក្រសួងកសិកម្មនឹងចាត់វិធានការចំពោះអាជីវកម្មរ៉ែ ដែលធ្វើឱ្យពលរដ្ឋពុលស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងកសិកម្មនឹងចាត់វិធានការចំពោះអាជីវកម្មរ៉ែ ដែលធ្វើឱ្យពលរដ្ឋពុលស្លាប់ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មលោកចម ប្រសិទ្ធ កាលពីថ្ងៃព្រហស្បតិ៍ អះអាងថា រដ្ឋាភិបាលនឹងចេញវិធានការក្នុងពេលឆាប់ៗខាងមុខនេះ ចំពោះអាជីវកម្មរ៉ែ ដែលប្រើសារធាតុលាងមាសមិនត្រឹមត្រូវ ដែលធ្វើអោយពលរដ្ឋខេត្តក្រចេះ និងខេត្តមណ្ឌលគិរីពុល និងស្លាប់អស់ជាច្រើននាក់កាលពីសប្តាហ៍កន្លងទៅនេះ។

ការអះអាង របស់លោកចម ប្រសិទ្ធធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញបានធ្វើការស្រាវជ្រាវទឹកតាមប្រព័ន្ធព្រែកទេរ ហើយបានរកឃើញសារធាតុដែលជាជាតិពុលមានដូចជាក្រូមមីញ៉ូម (Chromium) និងសាយ៉ាណាយ (Cyanide)ដែលត្រូវបានគេប្រើដើម្បីលាង រ៉ែមាស។

លោក ចម ប្រសិទ្ធ បន្ថែមថា បន្ទាប់ពីមានការស្រាវជ្រាវឃើញសារធាតុ Cyanideនេះហើយ ខាងក្រសួងបានធ្វើការឆែកឆេរអាជីវកម្មរ៉ែមាសជាច្រើន រហូតដល់ខេត្តមណ្ឌលគិរី ដោយបានប្រទះឃើញថា កន្លែងអាជីវកម្មរ៉ែទាំងនោះ មិនបានទុកដាក់ និងការពារសារធាតុ Cyanideនេះ ឱ្យបានត្រឹមត្រូវ ដែលបណ្តាលឲ្យទឹកភ្លៀងហូរនាំយកសារធាតុពុលប្រភេទនេះ ធ្លាក់ចូលទៅក្នុងទឹក ដែលនាំឱ្យ ពលរដ្ឋនៅខេត្តក្រចេះ និងមណ្ឌលគិរីពុលស្លាប់ និងត្រូវសង្គ្រោះបន្ទាន់ជាច្រើននាក់ ។

លោក ចម ប្រសិទ្ធឱ្យដឹងថា លោកបានចាត់អោយមន្ត្រីជំនាញធ្វើការតាមដានសារធាតុពុលនេះបន្តទៀតតាមខ្សែទឹកដែលហូរចេញពីខេត្តមណ្ឌលគិរី ចាក់ចូលទៅក្នុងទន្លេមេគង្គ ដោយសារលោកសង្ស័យថាសារធាតុពុលនេះ អាចហូរទៅដល់ទីនោះ។

ក្រសួងសុខាភិបាលបញ្ជាក់ថា សារធាតុពុលនេះបានបណ្តាលឲ្យមនុស្សស្លាប់១៤នាក់ ប៉ុន្តែអាជ្ញាធរខេត្តក្រចេះអះអាងថា យ៉ាងហោចណាស់មានមនុស្សចំនួន១៨នាក់ស្លាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស