29.3 C
Phnom Penh

តុលាការក្រុងភ្នំពេញបន្តឃុំខ្លួនអតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីពីររូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការក្រុងភ្នំពេញបន្តឃុំខ្លួនអតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីពីររូប សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា បានសម្រេចពន្យារពេលឃុំខ្លួនអតីតអ្នកយកព័ត៌មានអាស៊ីសេរីចំនួន៦ខែបន្តទៀត។

លោកកែវ វន្នី ដែលជាមេធាវីការពារក្តីឱ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីរនាក់នេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកសោក ស្តាយ ចំពោះតុលាការដែលបន្តឃុំខ្លួនកូនក្តីរបស់លោកទៀតនោះ។

លោកអះអាងថា ការសម្រេចរបស់តុលាការក្រុងភ្នំពេញគឺជាការសំរេចដ៏អយុត្តិធម៌ពីព្រោះកូនក្តីរបស់លោកទាំងពីរនាក់នេះបានសហការគ្រប់នីតិវិធីរបស់តុលាការដើម្បីបាននៅក្រៅឃុំ។

លោកអះអាងថា ព្រះរាជអាជ្ញាមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលើកូនក្តីរបស់លោកឡើយ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីតុលាការអះអាងថា ការពន្យារពេលឃុំខ្លួននេះ គឺដើម្បីបន្តការស៊ើបសួរតទៅមុខទៀត។

មេធាវីរូបនេះអះអាងថា លោកនឹងប្តឹងឧទ្ធរណ៍សេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញនេះទៅសាលាឧទ្ធរណ៍បន្តទៀត ដើម្បីឱ្យមានការដោះលែងកូនក្តីរបស់លោកបាននៅក្រៅឃុំ។

លោក អ៊ួន ឈិន និងលោក យាង សុធារិន ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ពីបទផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលនាំឱ្យអន្តរាយដល់ការការពារជាតិ។

ក្រុមសិទ្ធិមនុស្សចាត់ទុកថា ការបន្តឃុំខ្លួនអ្នកទាំងពីរ នឹងនាំឱ្យមានការរិះគន់កាន់តែខ្លាំងទៅលើរបបលោក ហ៊ុន សែន ចំពោះការធ្វើទុក្ខបុកម្នេញស្ថាប័នសារព័ត៌មានឯករាជ្យនៅកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស