38.8 C
Phnom Penh

ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់នឹងពិនិត្យវិវាទដីធ្លីនៅខេត្តកោះកុង នៅដើមសប្តាហ៍ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់នឹងពិនិត្យវិវាទដីធ្លីនៅខេត្តកោះកុង នៅដើមសប្តាហ៍ក្រោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីម្សិលមិញបានប្រកាសថា ខ្លួននឹងសហការជាមួយអាជ្ញាធរខេត្តកោះកុង ចុះពិនិត្យ និងដោះស្រាយករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចំនួន២ នៅខេត្តកោះកុង នៅដើមសប្តាហ៍ក្រោយនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី បានបញ្ជាក់ដារដ្ឋបាលខេត្តកោះកុងបានទទួលសំណូមពររបស់ពលរដ្ឋចំនួន ៣១៦គ្រួសារ ក្នុងស្រុកស្រែអំបិល ស្រុកបទុមសាគរ ខេត្តកោះកុង និងសំណូមពររបស់ពលរដ្ឋចំនួន១៧០គ្រួសារ ក្នុងស្រុកស្រែអំបិលខេត្តកោះកុង ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនផលិតស្ករសរបស់លោក ឧកញ៉ាលី យ៉ុងផាត់។

ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ បានបញ្ជាឲ្យក្រុមការងារចុះពិនិត្យអត្តសញ្ញាណអ្នកកាន់កាប់ដីដែលមានការពាក់ព័ន្ធនឹងវិវាទដីធ្លីចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ រហូតរួចរាល់ជាស្ថាពរ ដើម្បីឈានទៅដល់ការដោះស្រាយបញ្ចប់ទំនាស់តែម្តង។

យ៉ាងហោចណាស់មានប្រជាពលរដ្ឋរងគ្រោះជាង៣០០គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនផលិតស្ករសរបស់លោក ឧកញ៉ា លីយ៉ុងផាត់ នៅខេត្តកោះកុង កាលពីប៉ុន្មានថ្ងៃកន្លងមកនេះបាននាំគ្នាឡើងមកតវ៉ាករណីវិវាទដីធ្លីរបស់ពួកគេនៅរាជធានីភ្នំពេញ តាំងពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ដើម្បីស្វែងរកអន្តរាគមន៍ពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ការតវ៉ានោះបណ្តាលឲ្យមានការប៉ះទង្គិចមួយប្រាវជាមួយកំលាំងសមត្ថកិច្ចដែលបានព្យាយាមរារាំងពួកគេមិនអោយទៅដាក់ញត្តិនៅក្រសួងដែនដីនគរូបនីយកម្ម និងសំណង់។

កងកំលាំងសន្តិសុខទីក្រុងភ្នំពេញបានវាយតប់ទៅលើក្រុមប្រជាពលរដ្ឋដែលបណ្តាលទារកអាយុបីខែម្នាក់ធ្លាក់ទៅលើដីសន្លប់ភ្លាមៗនៅនឹងកន្លែង ហើយស្រ្តីម្នាក់ទៀតបានរងរបួសជាទម្ងន់។

ក្រុមសង្គមស៊ីវិលទាមទារឲ្យមានការនាំខ្លួនផ្តន្ទាទោសជនដៃដល់ ដែលបានបង្កអំពើហិង្សាទៅលើពលរដ្ឋទាំងនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស