28.4 C
Phnom Penh

សហជីពរិះគន់ខ្លាំងចំពោះក្រសួងការងារដែលមិនខ្វល់ខ្វាយអំពីសុខភាពរបស់កម្មករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីពរិះគន់ខ្លាំងចំពោះក្រសួងការងារដែលមិនខ្វល់ខ្វាយអំពីសុខភាពរបស់កម្មករ សហភាពសហជីពកម្ពុជាកាលពីម្សិលមិញបានរិះគន់យ៉ាងខ្លាំងចំពោះបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស.)ដែលថា ការដួលសន្លប់របស់កម្មករកាត់ដេរនៅតាមរោងចក្រជាបញ្ហាបុគ្គល។

ក្រុមសហជីពចាត់ទុកការលើកឡើងបែបនេះ ថា ជាការរំលោភច្បាប់ការងារ។

ក្រុមសហជីពអះអាងថា សេចក្តីជូនដំណឹងរបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ជាការគេចវេះមិនទទួលខុសដល់កម្មករនិយោជិត ដែលមានបញ្ហាសុខភាពនៅកន្លែងការងារ។

កាលពីថ្ងៃទី ១៧ ឧសភា កន្លងទៅ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ បានជូនដំណឹងដល់និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតថា រាល់ស្ថានភាពរបស់កម្មករដែលមានអាការៈខ្សោយ វិលមុខ ទន់ដៃទន់ជើង ញ័រទ្រូង ពិបាកដកដង្ហើម និងថប់អារម្មណ៍នោះ គឺបណ្តាលមកពីជាតិស្ករក្នុងឈាម ឬខ្វះកាល់ស្យូម សូដ្យូម ប៉ូតាស្យូម និងម៉ាញ៉េស្យូម។

បេឡាជាតិរបបសន្តិសុខសង្គមបានតម្រូវកម្មករនិយោជិតទាំងអស់ ត្រូវទទួលការព្យាបាល និងថែទាំវេជ្ជសាស្ត្រក្រោមរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពវិញ។

បេឡាជាតិរបបសន្តិសុខសង្គមចាត់ទុកថា គ្រោះថ្នាក់ការងារ លុះត្រាតែក្នុងករណីមានកម្មករសន្លប់ច្រើននាក់ ឬសន្លប់តៗគ្នា នៅក្នុងសហគ្រាសគ្រឹះស្ថាន ដែលបណ្តាលមកពីបរិយាកាសខាងក្នុង និងខាងក្រៅ ឬការតានតឹងផ្នែកអារម្មណ៍ និងការភ័យស្លន់ស្លោរតៗគ្នា ជាដើម។

ទោះជាយ៉ាងណាក៏ដោយក្រុមសហជីពបានច្រានចោលការលើកឡើងរបស់បេឡាជាតិរបបសន្តិសុខសង្គមថា មិនត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ ប៉ុន្តែបែរជាមានការវិនិច្ឆ័យមានការកាត់សេចក្តីទៅវិញ ដែលនាំឲ្យបាត់បង់ប្រយោជន៍កម្មករជាច្រើន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស