27 C
Phnom Penh

សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ទៀតពាក់ព័ន្ធនឹងបទប្រមាថព្រះមហាក្សត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ទៀតពាក់ព័ន្ធនឹងបទប្រមាថព្រះមហាក្សត្រ សមត្ថកិច្ចខេត្តសៀមរាបកាលពីចុងសប្តាហ៍កន្លងទៅនេះបានចាប់ខ្លួនបុរសអាយុ៧០ឆ្នាំម្នាក់ឈ្មោះ បាន សម្ភីរ ក្រោយពេលបុរសរូបនេះ គ្រាន់តែបានចែកចាយបន្តនូវរូបភាពព្រះមហាក្សត្រដោយបង្កប់ន័យប្រមាថព្រះចេស្តាររបស់ព្រះអង្គ នៅលើគណនីហ្វេសប៊ុករបស់លោក កាលបរិច្ឆេទថ្ងៃទី១៣ ឧសភាកន្លងទៅ។

បុរសរូបនេះ មានទីលំនៅក្នុងភូមិពន្លឺព្រះផុស ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប មានមុខរបរជាជាងកាត់សក់។

បុរសឈ្មោះបាន សម្ភី ត្រូវបានតុលាការខេត្តសៀមរាបចេញដីកាបង្គាប់ឲ្យឃុំខ្លួនភ្លាមៗក្រោយពីសមត្ថកិច្ចចាប់ខ្លួនរួច។

លោកត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីតុលាការពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ស្របតាមមាត្រា៤៣៧(ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។

ចៅក្រមស៊ើបសួរ លោកងួន ណារ៉ា បានបញ្ជាឲ្យសមត្ថកិច្ចនាំខ្លួនជនត្រូវចោទទៅពន្ធនាគារខេត្តសៀមរាប រង់ចាំពេលមានសេចក្តីសម្រេចជាថ្មី ដែលមិនកំណត់ពេលវេលាជាក់លាក់។

ក្រោយពេលដែលរដ្ឋសភាជាតិបានអនុម័ត វិសោធកម្មក្រមព្រហ្មទណ្ឌដ៏ចម្រូងចម្រាស ពាក់ព័ន្ធនឹងអំពើប្រមាថអង្គព្រះមហាក្សត្រ កាលពីខែកុម្ភៈនោះមក មានមនុស្សចំនួនពីរនាក់ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធបទប្រមាថអង្គព្រះមហាក្សត្រនេះ។

កាលពីថ្ងៃទី១៣ ខែឧសភា សមត្ថកិច្ច បានចាប់ខ្លួននាយកសាលាបឋមសិក្សាម្នាក់ក្នុងខេត្តកំពង់ធំ ឈ្មោះ ឃាង ណាវី អាយុ ៥០ឆ្នាំ ក្រោយពីបានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកដែលចោទប្រកាន់ថាព្រះមហាក្សត្រ និងរាជវង្សដទៃទៀតបានសហការជាមួយរដ្ឋាភិបាលលោកហ៊ុន សែនក្នុងការរម្លាយគណបក្សសង្គ្រោះជាតិកន្លងមក។

បុរសទាំងពីររូបនេះ អាចនឹងត្រូវជាប់ពន្ធនាគារពី ១ ឆ្នាំទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ១០លានរៀល ប្រសិនបើតុលាការរកឃើញថា ពួកគេមានកំហុសដូចការចោទប្រកាន់មែននោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស