គ.ជ.ប.ទទួលស្គាល់គណបក្សនយោបាយចំនួន១៦ ក្នុងចំណោមគណបក្សចំនួន២០ដែលបានចុះបញ្ជីរួច គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប. កាលពីថ្ងៃច័ន្ទ ទី២១ ខែឧសភា បានទទួលស្គាល់គណបក្សនយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចុះបញ្ជីនៅស្ថាប័ន រៀបចំការបោះឆ្នោតនេះរួច។
សារព័ត៌មានរបស់លោកហ៊ុន សែន បានដកស្រង់សម្តីអ្នកនាំពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា ចុះផ្សាយថា គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គឺជាគណបក្សទី១៦ ដែលគ.ជ.ប.បានទទួលស្គាល់ចុះបញ្ជីជាផ្លូវការ។
ចំណែកឯគណបក្ស៤ទៀត ដែលមិនទាន់បំពេញឯកសារគ្រប់លក្ខខណ្ឌនោះ គ.ជ.ប.ទុកពេលឲ្យចំនួន៥ថ្ងៃទៀត សម្រាប់ស្នើសុំបំពេញបែបបទឯកសារ ហើយបើផុតរយៈពេល៥ថ្ងៃនេះ គ.ជ.ប. នឹងបដិសេធការសុំចុះបញ្ជីគណបក្សទាំង៤នោះ។
គណបក្សទាំង៤នោះ រួមមាន គណបក្សឆន្ទៈខ្មែរ គណបក្សរស្មីខេមរា គណបក្សខ្មែរសាធារណរដ្ឋ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។
អ្នកនាំពាក្យរបស់គ.ជ.ប.រូបនេះឲ្យដឹងទៀតថា ក្រោយពីគ.ជ.ប. បដិសេធមិនចុះបញ្ជីហើយគណបក្សទាំង៤មានពេល៥ថ្ងៃ ដើម្បីប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយក្រុមប្រឹក្សាធម្មនុញ្ញនឹងដោះស្រាយបណ្ដឹងនេះ ក្នុងរយៈពេល១០ថ្ងៃ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីម្សិលមិញក៏បានប្រកាសអំពីតួនាទី ភារកិច្ចអ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ ដែលត្រូវបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយ ក្រមសីលធម៌ ដោយជំហរអព្យាក្រិត្យ មិនលម្អៀង ដើម្បីថា ការងាររបស់ពួកគេត្រូវធ្វើឡើងដោយសុចរិតភាព តម្លាភាព និងដោយពុំមានការជ្រៀតជ្រែក៕