28.4 C
Phnom Penh

តំណាងរាស្រ្តអាមេរិកាំងមួយរូបទៀតចេញមុខគាំទ្រសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្រ្តអាមេរិកាំងមួយរូបទៀតចេញមុខគាំទ្រសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែនតំណាងរាស្រ្តសហរដ្ឋអាមេរិកទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ឆាប់ស្តារស្ថានការណ៍របស់ប្រទេសឡើងវិញ ដើម្បីអាចឲ្យពលរដ្ឋខ្មែរបានចូលរួមឆាកនយោបាយស្របតាមឆន្ទៈរបស់ពួកគេ។

វិទ្យុអាស៊ីសេរីបានដកស្រង់សម្តីរបស់តំណាងរាស្រ្តសហរដ្ឋអាមេរិកលោកស្រី Niki Tsongas ពីខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋMassachusettsចុះផ្សាយកាលពីម្សិលមិញនេះថា លោកស្រីមានការព្រួយបារម្ភជាខ្លាំងចំពោះដំណើរការប្រជាធិបនៅកម្ពុជា ស្របពេលដែលប្រទេសមួយនេះបានរំលាយគណបក្សប្រឆាំងចេញពីឆាកនយោបាយនោះ។

លោកស្រីតំណាងរាស្រ្តរូបនេះបញ្ជាក់ថា លោកស្រីមានការព្រួយបារម្ភជាខ្លាំងចំពោះយន្តការប្រជាធិបតេយ្យដែលកំពុងរងរបួសយ៉ាងដំណំ តាមរយៈការវាយប្រហារដោយរបបលោក ហ៊ុន សែន។

លោកស្រីបញ្ជាក់ថា លោកស្រីគាំទ្រចំពោះការបង្កើតច្បាប់ដែលមានការចូលរួមដោយក្រុមតំណាងរាស្រ្តពីខាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។

លោកស្រីអះអាងថា សេចក្តីព្រាងច្បាប់នេះគឺជាការឆ្លុះបញ្ចាំងអំពីអ្វីដែលបានកើតមានឡើងនៅកម្ពុជា ខណៈរបបលោក ហ៊ុន សែន កំពុងរារាំងការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌។

គណៈកម្មាធិការកិច្ចការបរទេសរបស់សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបានបើកសវនាការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឆ្នាំ២០១៨ លេខ H.R. 5754។

សេចក្តីព្រាងច្បាប់នេះនឹងបញ្ជូនបន្តទៅកាន់សវនាការ នៃសភាពេញអង្គក្នុងវិមានរដ្ឋសភា នៅពេលឆាប់ៗខាងមុខនេះ។

ទណ្ឌកម្មនៅក្នុងសេចក្តីព្រាងច្បាប់នេះ គឺដើម្បីបង្កកទ្រព្យសម្បត្តិរបស់មន្រ្តីជាន់ខ្ពស់នៃរបបលោក ហ៊ុន សែន ដែលបានដាក់តម្កល់ក្នុងសហរដ្ឋអាមេរិក រឹតត្បិតដល់ការផ្ទេរលុយចេញចូលសហរដ្ឋអាមេរិក ហើយនិងបិទទិដ្ឋាការដល់មន្រ្តីយោធាជាន់ខ្ពស់ កងកំលាំងសន្តិសុខ និងមន្រ្តីសំខាន់ៗក្នុងជួររដ្ឋាភិបាលដែលបានចូលដៃចូលជើងជាមួយលោកហ៊ុន សែនក្នុងការរំលាយគណបក្សសង្គ្រោះជាតិ ចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារ និងហាមមន្រ្តីរបស់គណបក្សនេះចំនួន១១៨នាក់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស