សមាជិកព្រឹទ្ធសភាអាមេរិកាំងមួយរូបទៀតគាំទ្រសេចក្តីព្រាងច្បាប់ មួយដែលផ្តាច់ជំនួយដល់របបលោក ហ៊ុន សែន សមាជិកព្រឹទ្ធសភាសហព័ន្ធរបស់សហរដ្ឋអាមេរិកប្រចាំរដ្ឋNorth Carolina គឺលោកThom Tillis កាលពីថ្ងៃអង្គារម្សិលមិញបានចេញសេចក្តីថ្លែងការណ៍គាំទ្រសេចក្តីព្រាងច្បាប់លេខ S.2412 ស្តីពីការទទួលខុសត្រូវ និងការវិនិយោគទុននៅកម្ពុជា ដែលហៅកាត់ថា ច្បាប់CARIដើម្បីកាត់ផ្តាច់ជំនួយទៅកាន់ ប្រទេសកម្ពុជាដោយសារការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
លោកThom Tillis មានប្រសាសន៍ថា សហរដ្ឋអាមេរិកត្រូវតែប្រកាន់គោលជំហររបស់ខ្លួនក្នុងការការពារសិទ្ធិមនុស្ស នៅជុំវិញពិភពលោក។
លោកគាំទ្រចំពោះគោលនយោបាយការ បរទេសរបស់សហរដ្ឋអាមេរិកដែលហាមប្រាមមេដឹកនាំទាំងឡាយក្នុង ពិភពលោកមិនត្រូវរំលោភសិទ្ធិជាមូលដ្ឋាននៃពលរដ្ឋរបស់ខ្លួននោះឡើយ។
លោកបន្តថា ក្នុងនាមលោកសហប្រធាននៃក្រុមទំនាក់ទំនង របស់ព្រឹទ្ធសភាទទួលបន្ទុកសិទ្ធិមនុស្ស លោកនឹងបន្តឃាំ្លមើលយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា។
កាលពីពាក់កណ្តាលខែមេសា ក្រុមសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកជំរុញឲ្យពលរដ្ឋខ្មែរអាមេរិកាំងនាំគ្នាសរសេរសំបុត្រទៅកាន់សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋដែលពួកគេកំពុងរស់នៅ ដើម្បីជំរុញឲ្យក្រុមសមាជិកព្រឹទ្ធសភាទាំងនោះគាំទ្រសេចក្តីព្រាងច្បាប់លេខ S.2412 ដែលបង្កើតឡើងដោយសមាជិកព្រឹទ្ធសភាលោកដើម្បីដាក់សំពាធដល់របបលោក ហ៊ុន សែន ឲ្យងាកមកគោរពគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ៕