ប្រទេសចិនបានឧបត្ថម្ភថវិកាជាង២លានដុល្លារអាមរិកសំរាប់ការដោះមីននៅកម្ពុជា រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណងដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ចំនួន២លាន៥សែនដុល្លារអាមេរិកដើម្បីកំចាត់មីនពីកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលកំចាត់មីនស៊ីម៉ាក់ ដែលបានចេញផ្សាយកាលពីទី២៤ ខែឧសភាម្សិលមិញនេះ បានឲ្យដឹងថា ជំនួយនេះ ជាផ្នែកមួយនៃការបោសសំអាតមីនសំរាប់គំរោងមនុស្សធម៌នៅខេត្តស្ទឹងត្រែងព្រះវិហារ សៀមរាប និងខេត្តកំពង់ធំ។
ជំនួយនេះក៏ដើម្បីធ្វើការសិក្សាស្រាវជ្រាវស្វែងរកគ្រាប់មីន ព្រមទាំងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតំបន់បឹងទន្លេសាប និងនៅតាមបណ្តាខេត្តជាប់បឹងទន្លេសាបដែលមានចំនួន៨៤០ភូមិ។
របាយការណ៍ដដែលឲ្យដឹងថា ជំនួយរបស់ចិនទាំងនេះនឹងពន្លឿនការបោសសំអាតគ្រាប់មីននៅកម្ពុជា ព្រមទាំងបំពេញកង្វះខាតថវិកានៃវិស័យមីនដែលត្រូវគាំទ្រដល់កងកំលាំងស៊ីម៉ាក់។
របាយការណ៍មជ្ឈមណ្ឌលកំចាត់មីនឲ្យដឹងថា គិតចាប់ពីឆ្នាំ១៩៧៩ មក គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បណ្ដាលឲ្យពលរដ្ឋស្លាប់សរុបជិត ២ម៉ឺននាក់ ហើយពលរដ្ឋជិត ៤ម៉ឺន ៥ពាន់នាក់ផ្សេងទៀតបានរងរបួស ឬធ្លាក់ខ្លួនពិការ។
កម្ពុជាត្រូវការថវិកាសរុបជាង៤០០លានដុល្លារ ដើម្បីដោះគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់ពីកម្ពុជា ត្រឹមឆ្នាំ២០២៥ខាងមុខនេះ៕