កម្ពុជាកំពុងពន្លឿនការងារផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរ ជាងបីសែននាក់ដែលកំពុងធ្វើការនៅប្រទេសថៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ប្រទេសកម្ពុជា កាលពីម្សិលមិញបានឲ្យប្រកាសថា កម្ពុជា និងថៃ បានរួមគ្នាផ្តល់ភាពស្របច្បាប់ដល់ពលករចំណាកស្រុកខ្មែរបានជាង៣សែននាក់ ក្នុងចំណោមពលករខ្មែរជាង៤សែននាក់ ដែលកំពុងធ្វើការខុសច្បាប់ ឬគ្មានឯកសារនៅក្នុងប្រទេសថៃ។
រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបការងារនៅទីស្តីការក្រសួងការងារ ជាមួយលោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា កាលពីដើមសប្តាហ៍នេះថា ពលករចំណាកស្រុកខ្មែរ ដែលកំពុងធ្វើការដោយគ្មានឯកសារស្របច្បាប់ក្នុងប្រទេសថៃ ឥឡូវនេះបានទទួលភាពស្របច្បាប់ជិតអស់ហើយ។
លោកបន្តថា បច្ចុប្បន្ន នៅសល់ពលករខ្មែរប្រមាណជាង៨ម៉ឺននាក់ទៀតតែប៉ុណ្ណោះ ដែលពុំមានឯកសារស្របច្បាប់នៅឡើយ។
រដ្ឋមន្រ្តីក្រសួងការងាររបស់កម្ពុជារូបនេះអះអាងថា រដ្ឋាភិបាលនឹងបន្តធ្វើកិច្ចការនេះឲ្យបានរួចរាល់នៅមុនដំណាច់ខែមិថុនា ឆ្នាំ២០១៨ ដែលជាកាលបរិច្ឆេទកំណត់របស់អាជ្ញាធរថៃ។
អាជ្ញាធរថៃបានទុកពេលឲ្យកម្ពុជាផ្តល់ភាពស្របច្បាប់ដល់ពលករចំណាកស្រុករបស់ខ្លួន ឲ្យបានចប់សព្វគ្រប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ មុននឹងប្រទេសថៃចាប់ផ្តើមអនុវត្តច្បាប់ការងារថ្មីរបស់ខ្លួន ជាផ្លូវការ។
រហូតមកទល់ពេលនេះ កម្ពុជាបានបញ្ជូនក្រុមការងារអន្តរក្រសួងជាង៣រយនាក់ ចុះទៅកាន់មជ្ឈមណ្ឌលចំនួន៣ នៅទីក្រុងបាងកក ខេត្តបទុមឋានី និងខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដើម្បីសហការជាមួយភាគីថៃ ក្នុងការផ្តល់ភាពស្របច្បាប់ដល់ពលករចំណាកស្រុកខ្មែរខុសច្បាប់៕