ស្ថានទូតកម្ពុជានៅប្រទេសចំនួន៤ជួយសង្គ្រោះពលរដ្ឋខ្មែរ ចំនួន២៨នាក់មកមាតុភូមិវិញក្រសួងការបរទេសកម្ពុជា កាលពីនៅថ្ងៃទី២៥ ខែឧសភា បានឲ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំប្រទេសចំនួន៤ បានជួយសង្គ្រោះពលរដ្ឋខ្មែរ ចំនួន២៨នាក់មកមាតុប្រទេសវិញ ក្រោយពួកគេបានរងគ្រោះនៅបរទេស។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែលចេញផ្សាយជាសាធារណៈកាលពីម្សិលមិញបានឲ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានសហការជាមួយអាជ្ញាធរថៃ រៀបចំមាតុភូមិនិវត្តន៍របស់អនីតិជនខ្មែរចំនួន៦នាក់ ដែលរងគ្រោះដោយការជួញដូរមនុស្ស។
ចំណែកស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី រៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន១២នាក់ ដែលមានស្រុកកំណើតនៅខេត្ដកំពត ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំខេត្តបាត់ដំបង និងខេត្តព្រះវិហារ។
រីឯស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសឹង្ហបុរី បានជួយរៀបចំមាតុភូមិនិវត្តន៍របស់ពលការិនីខ្មែរម្នាក់ អាយុ២៥ឆ្នាំ មកពីខេត្តកំពង់ធំ ដែលបានទៅបម្រើការងារជាជំនួយការមេផ្ទះនៅប្រទេសសឹង្ហបុរី កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ដែលមិនអាចទ្រាំទ្រនឹងការងារលំបាកនៅទីនោះ។
ជាងនេះទៅទៀត ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង ប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ចិន រៀបចំមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរចំនួន៩នាក់ មកពីខេត្តកណ្ដាល ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្ដកំពង់ធំ ខេត្ដក្រចេះ និងខេត្តព្រៃវែង ដែលត្រូវបានមេខ្យល់នាំធ្វើដំណើរពីកម្ពុជាទៅរៀបការ និងស្នាក់នៅដោយខុសច្បាប់ក្នុងប្រទេសចិន ព្រមទាំងបុរសម្នាក់ មកពីខេត្តកំពង់ស្ពឺ បានទៅធ្វើការខុសច្បាប់ក្នុងប្រទេសចិនថែមទៀត៕