លោកហ៊ុន សែនស្តីបន្ទោសរដ្ឋមន្រ្តីរបស់លោកដែលធ្វេសប្រហែសនាំឲ្យមានករណីពុលទឹកក្នុងខេត្តក្រចេះ លោកហ៊ុន សែន កាលពីថ្ងៃសុក្រ បានសម្ដែងការខឹងសម្បារជាខ្លាំងដល់រដ្ឋមន្ត្រីនៃក្រសួងចំនួន៣ រួមមានក្រសួង សុខាភិបាល ក្រសួងរ៉ែ និង ថាមពល និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
លោកហ៊ុន សែនស្ដីបន្ទោសរដ្ឋមន្ត្រីទាំងនោះថា មន្ត្រីរបស់ក្រសួងបានផ្ដល់របាយការណ៍ ដល់លោកយឺតយ៉ាវ ដែលធ្វើឲ្យរដ្ឋាភិបាលរបស់លោក អាម៉ាស់មុខជាខ្លាំង។
ជាងនេះទៅទៀត លោកហ៊ុន សែនមិនពេញចិត្តចំពោះលោក ចម ប្រសិទ្ធិ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលហ៊ានប្រាប់អ្នកសារព័ត៌មានមុនរាយការណ៍ឲ្យលោកបានដឹងជាមុននោះ។
ក្រោយពីមានករណីពុលទឹកស្លាប់មនុស្សក្នុងខេត្តក្រចេះភ្លាម ក្រសួង សុខាភិបាល បានប្រកាសថា ករណីពុលនោះបណ្តាលមកពីសារធាតុពុលក្នុងស្រាសផង និងមកពីសារធាតុគីមីថ្នាំសម្លាប់ស្មៅ និងថ្នាំសំលាប់សត្វល្អិតដែលហូរចូលទៅក្នុងព្រែកទេរផង។
ប៉ុន្តែក្រោយមកលោក ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងសិប្បកម្មប្រាប់អ្នកសារព័ត៌មានផ្ទុយពីក្រសួងសុខាភិបាលទៅវិញដោយនិយាយថា ការពុលនោះបណ្តាលមកពីសារធាតុគីមី ក្រូម (Chromium) និងហ្សានីត (Cyanide) ដែលជាកាកសំណល់អាជីវកម្មរុករករ៉ែមាស នៅប៉ែកខាងលើនៃព្រែកទេរ ដែលមានព្រំប្រទល់រវាងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។
ផ្ទុយពីការអះអាងនេះ លោកស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ករណីពុលនោះ ពុំមានការពាក់ព័ន្ធទៅនឹងសារធាតុហ្សានីតនោះទេ គឺបណ្ដាលមកពីពុលថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ ដែលគេបោះចោលនៅតាមមាត់ស្ទឹង និងមាត់ព្រែកជាដើម។
លោកហ៊ុន សែន ចាត់ទុកថា ការនិយាយមិនស៊ីសង្វាក់គ្នាក្នុងជួររដ្ឋមន្រ្តីរបស់លោកបែបនេះ គឺជាការវាយប្រហារគ្នាឯងនៅក្នុងជួរគណបក្សនោះ។
ក្រុមអ្នកឃ្លាំមើលបរិស្ថាននិយាយថា ការស្តីបន្ទោសរបស់លោក ហ៊ុន សែន នៅពេលនេះគ្រាន់តែជានយោបាយប្រជាភិថុតប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងសមត្ថកិច្ចត្រូវចាត់វិធានការចំពោះរដ្ឋមន្ត្រីទាំង៣រូបនេះ ពីព្រោះពួកគេមានកំហុសធ្ងន់ធ្ងរដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ៕