27 C
Phnom Penh

តុលាការក្រុងភ្នំពេញមិនបានបញ្ជាឲ្យចាប់ខ្លួន លោក មឿន តុលា ទេ ក្រោយពេលសួរនាំជាង១ម៉ោង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការក្រុងភ្នំពេញមិនបានបញ្ជាឲ្យចាប់ខ្លួន លោក មឿន តុលា ទេ ក្រោយពេលសួរនាំជាង១ម៉ោង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ មិនបានបញ្ជាឲ្យមានការឃុំខ្លួន លោក មឿន តុលា នាយកប្រតិបតិ្តមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) នោះទេ ក្រោយពីលោកបានចូលខ្លួនឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការករណីបទចោទប្រកាន់ក្នុងសំណុំរឿងរំលោភលើសេចក្តីទុកចិត្ត បច្ច័យបុណ្យសពបណ្ឌិតកែម ឡី។

អ្នកសម្របសម្រួលកម្មវិធីនៃអង្គការCENTRAL លោក ឃុន ថារ៉ូ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការចូលខ្លួនរបស់លោក មឿន តុលា គឺធ្វើឡើងទៅតាមនីតិវិធីរបស់តុលាការ ដើម្បីការពារកុំឲ្យមានការចោទប្រកាន់ពីបទល្មើសមិនចូលខ្លួនឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការ។

តុលាការក្រុងភ្នំពេញកាលពីចុងឆ្នាំ២០១៧ បានកោះហៅលោក មឿន តុលា និងសមាជិកគណៈកម្មការបុណ្យសពលោកបណ្ឌិតកែម ឡី ២នាក់ទៀតគឺលោកប៉ាង ងួនទៀង និងព្រះតេជគុណ ប៊ុត ប៊ុនតិញ ឲ្យចូលខ្លួនតាមពាក្យបណ្ដឹងរបស់លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។

លោកមឿន តុលា ធ្លាប់អះអាងថា ការចោទប្រកាន់ថា ក្រុមគណៈកម្មការបុណ្យសពកេងយកបច្ច័យបុណ្យ ជារឿងអយុត្តិធម៌។

ម្យ៉ាងទៀត ក្រុមគ្រួសាររបស់លោកបណ្ឌិតកែម ឡី ក៏ធ្លាប់បានបញ្ជាក់អំពីភាពស្អាតស្អំនៃគណៈកម្មការនេះថា មិនមានការកិបកេងបច្ច័យបុណ្យសពដូចការចោទប្រកាន់របស់លោកពេជ្រ ស្រស់នោះទេ។

ក្រុមអ្នកឃ្លាំមើលនិយាយថា សមត្ថកិច្ច គួរពន្លឿនបើកការស៊ើបអង្កេតស្វែងរកមុខអ្នកបញ្ជាឲ្យបាញ់សម្លាប់លោកបណ្ឌិតកែម ឡី ជាជាងព្យាយាមតាមធ្វើទុក្ខបុកម្នេញក្រុមអ្នកជួយខ្នះខ្នែងធ្វើពិធីបុណ្យសព នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស