វីដេអូ

ស្ថាប័នរៀបចំការបោះឆ្នោតកំពុងរៀបចំកំណត់លេខរៀងដល់គណបក្សនយោបាយលើសន្លឹកឆ្នោត

By ឌឹ ខេមបូឌា ដេលី

May 27, 2018

ស្ថាប័នរៀបចំការបោះឆ្នោតកំពុងរៀបចំកំណត់លេខរៀងដល់គណបក្សនយោបាយលើសន្លឹកឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប.កាលពីថ្ងៃសៅរ៍ បានឲ្យដឹងថា ដំណើរការចាប់ឆ្នោតកំណត់លំដាប់លេខរៀងរបស់គណបក្សនយោបាយនៅលើសន្លឹកឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភាខាងមុខនេះ។

សេចក្ដីជូនដំណឹងរបស់គ.ជ.ប. ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី២៦ ខែឧសភា ម្សិលមិញនេះឲ្យដឹងថា ដំណើរការចាប់លេខរៀងនេះនឹងធ្វើឡើងនៅសាលប្រជុំនៃក្រសួងមហាផ្ទៃ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយវេលាម៉ោង៨ និង៣០នាទីព្រឹក។

គ.ជ.ប. ឲ្យដឹងថា ការចាប់លេខរៀងលើសន្លឹកឆ្នោតនេះ នឹងធ្វើឡើងដោយសម្ដេចព្រះសង្ឃរាជទាំង២គណៈ។

រហូតមកទល់ពេល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានសមាជិកសុទ្ធសឹងតែជាមនុស្សរបស់គណបក្សកាន់អំណាច បានប្រកាសទទួលស្គាល់ជាផ្លូវការនូវគណបក្សនយោបាយ ដែលបានចុះបញ្ជីគណបក្សនយោបាយ និងបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ ចំនួន២០គណបក្ស។

ក្នុងចំណោមគណបក្សនយោបាយទាំង២០គណបក្សនេះមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិនោះទេ។

ការបិទផ្លូវមិនឲ្យ គណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតនេះ បាននាំឲ្យមានការគំរាមដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។

កាលពីដើមសប្តាហ៍កន្លងទៅនេះក្រុមតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិកទាំងពីរគណបក្សបានអនុម័តសេចក្តីព្រាងច្បាប់របស់ខ្លួន ជាជំហានដំបូងដើម្បីបង្កទ្រព្យសម្បត្តិ បិទទិដ្ឋាការ និងរឹតត្បិតការផ្ទេរលុយចេញចូលរបស់មន្រ្តីជាន់ខ្ពស់នៃរបបលោក ហ៊ុន សែន ដោយសាររដ្ឋាភិបាលមួយនេះបានបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕