38 C
Phnom Penh

អង្គការឃ្លាំមើលអយុត្តិធម៌នៅលើពិភពលោកបានរិះគន់ដំណើរកាត់ក្តីសកម្មជននយោបាយនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការឃ្លាំមើលអយុត្តិធម៌នៅលើពិភពលោកបានរិះគន់ដំណើរកាត់ក្តីសកម្មជននយោបាយនៅកម្ពុជា អង្គការលើកលែងទោសអន្តរជាតិ(Amnesty International) កាលពីថ្ងៃព្រហស្បតិ៍បានចាត់ទុកការកាត់ទោសលោកធុយ វី ដែលជាសមាជិករបស់ក្រុមរណសិរ្សរំដោះជាតិខ្មែរឱ្យជាប់គុក១៨ខែ ដោយ សារការធ្វើសន្និសីទកាសែតនោះគឺជាការកាត់ដោយអយុត្តិធម៌ ។

លោកស្រីមីង យូហា (Ming Yu Hah) អនុប្រធានការិយាល័យប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិករបស់អង្គការលើកលែងទោសអន្តរជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនមួយកាលពីថ្ងៃទី២៤ ខែឧសភា ទាមទារឲ្យតុលាការទម្លាក់ចោលបទ ចោទប្រកាន់លោក ធុយ វី ហើយដោះលែងសកម្មជននយោបាយ រូបនេះដោយគ្មានលក្ខខណ្ឌ ដោយសារការផ្តន្ទាទោសនោះធ្វើឡើងដោយគ្មានភ័ស្តុតាង និងមិនឯករាជ្យ ។

សមត្ថកិច្ចនៃរបបក្រុងភ្នំពេញបានចាប់ខ្លួនលោកធុយ វី កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៧ ខណៈលោកកំពុងធ្វើសន្និសីទ សារព័ត៌មាននៅអង្គការខាងផ្នែកអន្តរសាសនាមួយក្នុងទីក្រុងភ្នំពេញដែលអំពាវនាវឱ្យរដ្ឋាភិបាលក្រុងភ្នំពេញដោះលែងអ្នកទោសនយោបាយមេដឹកនាំគណបក្សប្រឆាំង សកម្មជនដីធ្លី និងអ្នកការពារសិទិ្ធមនុស្ស។

លើសពីនេះទៀតលោកធុយ វីក៏បានអំពាវនាវឲ្យមានការលើកលែង ទោសដល់លោកសម សេរី មេដឹកនាំចលនារំដោះជាតិខ្មែរ។

មន្រ្តីជាន់ខ្ពស់របស់អង្គការលើកលែងទោសអន្តរជាតិលោកស្រីMing Yu Hahចាត់ទុកវិធានការតុលាការកម្ពុជាថា ជាឧបករណ៍របស់រដ្ឋាភិបាលដែលត្រូវបានប្រើប្រាស់សម្រាប់បំបិទសម្លេងក្រុមអ្នករិះគន់ និងបំបិទសេរីភាពក្នុងការបញ្ចេញមតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស