តុលាការកោះហៅសាក្សី៨នាក់ទៀតឲ្យចូលខ្លួនឆ្លើយបំភ្លឺពាក់ព័ន្ធនឹង ករណីចោទប្រកាន់លោកកឹម សុខា តុលាការភ្នំពេញបានកោះហៅមនុស្សចំនួន៨នាក់ទៀត ដើម្បីឲ្យចូលឆ្លើយបំភ្លឺពាក់ព័ន្ធករណីរបស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
ដីការបស់តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី១៧ ខែឧសភា ដែលផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី២៦ ឧសភា បានឲ្យដឹងថា សាក្សីទាំង៨រួមមាន នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព និងលោកមាស គឹមសេងប្រធានអង្គការសមាគមធាងត្នោត លោកប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោកសៀ ភារម្យ អតីតប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន និងមនុស្សចំនួនទៀត។
អតីតប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន លោកសៀ ភារម្យ ដែលកំពុងភៀសខ្លួនរស់នៅសហរដ្ឋអាមេរិក ធ្លាប់អះអាងថា លោកមិនធ្លាប់មានទំនាក់ទំនងជាមួយលោកកឹម សុខា ទេ។
លោកបន្តថា ប្រសិនបើតុលាការចង់ឲ្យលោកចូលឆ្លើយបំភ្លឺ លោកអាចឆ្លើយបាន តាមប្រព័ន្ធអ៊ីនធើណេត។
រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានមនុស្ស១០នាក់ ហើយត្រូវបានចៅក្រមស៊ើបសួរកោះហៅឲ្យចូលខ្លួនធ្វើជាសាក្សី ក្នុងសំណុំរឿងចោទប្រកាន់មេគណបក្សប្រឆាំងគឺលោកកឹម សុខា។
លោកកឹម សុខាត្រូវបានលោកហ៊ុន សែនបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួន នៅក្នុងផ្ទះ ទាំងកណ្ដាលយប់កាលពីខែកញ្ញាឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទឃុបឃិតជាមួយសហរដ្ឋអាមេរិក ក្នុងបំណងធ្វើ ផ្ដួលរំលំរដ្ឋាភិបាល។
ក្រុមតំណាងរាស្រ្ត និងសេតវិមានសហរដ្ឋអាមេរិកចាត់ទុកការចាប់ខ្លួនលោកកឹម សុខា ថា ធ្វើឲ្យប៉ះទង្គិចដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕