កម្មករជិតប្រាំរយនាក់ក្នុងទីក្រុងភ្នំពេញនាំគ្នាធ្វើបាតុកម្មស្វែងរកដំណោះស្រាយការងារ ក្រុមកម្មកររោងចក្រDAIYANG នៅខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ប្រហែល៥០០នាក់ កាលពីម្សិលមិញ បាននាំគ្នាតវ៉ានៅមុខរោងចក្រ ទាមទារឲ្យស្ថាប័នពាក់ព័ន្ធជួយពន្លឿនឲ្យថៅកែរោងចក្រ ជនជាតិកូរ៉េខាងត្បូងដោះស្រាយប្រាក់អត្ថប្រយោជន៍ការងារចំនួន៣ចំណុចដល់ពួកគេ។
ប្រាក់អត្ថប្រយោជន៍ការងារដែលខាងកម្មករចង់បាន រួមមានប្រាក់ព្យួរការងារខុសច្បាប់២ខែ និងប្រាក់បំណាច់កិច្ចសន្យាការងារដែលក្រុមហ៊ុនបានរំលាយ។
លោក ហេង សួភាតំណាងកម្មកររោងចក្រ DAIYANG បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមកម្មករកំពុងរងទុក្ខវេទនា ខណៈថៅកែរោងចក្រមិនព្រមបើកប្រាក់ឈ្នួលឱ្យពួកគាត់។
លោកបន្តថា ក្រុមកម្មករបាននាំគ្នារង់ចាំការដោះស្រាយរបស់ថៅកែអស់ជាច្រើនខែមកហើយតែមិនទទួលបានលទ្ធផល។
ក្រុមកម្មករបានប្រមូលផ្តុំតវ៉ានៅមុខរោងចក្រ ចាប់ពីថ្ងៃទី១២ ខែឧសភាដើម្បីទាមទារឲ្យថៅកែជនជាតិកូរ៉េខាងត្បូង ដោះស្រាយសំណងជូនពួកគាត់ ប៉ុន្តែរហូតមកទល់ពេលនេះមិនទាន់មានដំណោះស្រាយនោះទេ ។
ក្រុមកម្មករអះអាងថា ប្រសិនបើនៅតែគ្មានដំណោះស្រាយទៀតពួកគាត់នឹងនាំគ្នាទៅតវ៉ានៅមុខក្រសួងការងារវិញម្តង៕