តុលាការក្រុងភ្នំពេញកោះហៅសកម្មជនសិទ្ធិមនុស្សពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព សន្យាថា អ្នកស្រី នឹងចូលខ្លួនឆ្លើយបំភ្លឺជាសាក្សីក្នុងសំណុំរឿងចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិនៅថ្ងៃទី៧ ខែមិថុនាខាងមុខ។
សេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃ ទី ២៧ ខែឧសភា ឲ្យដឹងថា អ្នកស្រី ចក់ សុភាព នៅពុំទាន់ទទួលបានដីកាកោះនោះនៅឡើយទេ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី បានចេញដីកាកោះហៅសាក្សី៨រូបនោះ រួមមាននាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព លោក មាស គឹមសេង ប្រធានអង្គការសមាគមធាងត្នោត លោក ប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក សៀ ភារម្យ អតីតប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន លោក កែវ រតនា លោក ខឿន វីរ៉ាត់ លោក ហេង ពិសិដ្ឋ និងលោកគ្រី សុង។
រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានមនុស្សចំនួន១០នាក់ ហើយត្រូវបានចៅក្រមស៊ើបសួរ កោះហៅឲ្យចូលខ្លួនធ្វើជាសាក្សី ក្នុងសំណុំរឿងចោទប្រកាន់មេគណបក្សប្រឆាំងលោក កឹម សុខា។
កន្លងទៅ លោកគី ឫទ្ធី ធ្លាប់កោះហៅសាក្សីយ៉ាងតិច២រូបហើយ ឲ្យចូលឆ្លើយបំភ្លឺករណីបទចោទលោក កឹម សុខា ក្នុងនោះរួមមាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ និង លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ៕