យ៉ាងហោចណាស់មានមនុស្សជាង១រយនាក់ធ្លាក់ខ្លួនឈឺដោយសារពុលថ្នាំលាប និងផ្សែងហុយចេញពីរោងចក្រ សមត្ថកិច្ចខេត្តកណ្តាលឲ្យដឹងកាលពីថ្ងៃច័ន្ទថា កម្មករប្រហែល ១១៧ នាក់នៅរោងចក្រកាបូបមួយកន្លែង នៅភាគខាងត្បូងខេត្តកណ្តាល បាននាំគ្នាទៅសម្រាកនៅមន្ទីរពេទ្យកាលពីព្រឹកថ្ងៃច័ន្ទ បន្ទាប់ពីបានពុលថ្នាំលាប និងផ្សែងហុយចេញពីរោងចក្រមួយនៅក្បែនោះ។
អធិការនគរបាលស្រុកអង្គស្នួល លោកអីម សំណាង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ហេតុការណ៍នេះបានកើតឡើងនៅរោងចក្រឈ្មោះស្តា រ៉ាយ(Starite)ក្នុងស្រុកអង្គស្នួល បន្ទាប់ពីកម្មករទាំងនោះបានស្រូបផ្សែងចេញពីរោងចក្រ និងថ្នាំលាបរោងចក្រនៅក្បែរនោះដែលកំពុងជួសជុលឡើងវិញ។
លោកបន្តថា ពួកគេមានអាការៈ ក្អួតនិងវិលមុខ ហើយដួលសន្លប់ជាបន្តបន្ទាប់។
រោងចក្រStariteមានកម្មករសរុបចំនួន៧០០នាក់។
ថៅកែរោងចក្របានអនុញ្ញាតឲ្យក្រុមកម្មករសំរាកមួយថៃ្ងបន្ទាប់ពីមានឧបទ្ទវហេតុដួលសន្លប់កើតឡើង។
មូលនិធិសន្តិសុខសង្គមជាតិ(NSSF) ដែលទទួលខុសត្រូវចំពោះការចំណាយផ្នែកវេជ្ជសាស្រ្តរបស់កម្មករបានឲ្យដឹងថា កម្មករដែលមានបញ្ហាត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ស្រុកនិងគ្លីនិកឯកជនចំនួនពីរ។
ក្រុមសមត្ថកិច្ចអោយដឹងថា រហូតមកទល់ពេលនេះ គ្មាននរណាម្នាក់ក្នុងចំណោមកម្មករទាំង១១៧នាក់នោះមានសភាពធ្ងន់ធ្ងរទេ៕