26 C
Phnom Penh

គ.ជ.ប..ស្នើឲ្យក្រសួងមហាផ្ទៃចាត់វិធានការចំពោះការផ្សាយព័ត៌មានទុច្ចរិតរារាំងការបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ.ជ.ប..ស្នើឲ្យក្រសួងមហាផ្ទៃចាត់វិធានការចំពោះប្រព័ន្ធព័ត៌មាន និងបណ្ដាញសង្គម ដែលផ្សាយព័ត៌មានទុច្ចរិតរារាំងការបោះឆ្នោត ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ស៊ិក ប៊ុនហុក បានស្នើឲ្យក្រសួងមហាផ្ទៃចាត់វិធានការតាមផ្លូវច្បាប់ ចំពោះប្រព័ន្ធព័ត៌មាន និងបណ្ដាញសង្គម ទាំងឡាយណាដែលល្មើសច្បាប់ ផ្សព្វផ្សាយព័ត៌មានទុច្ចរិតក្នុងគោលបំណង រារាំងមិនឲ្យពលរដ្ឋចេញទៅបោះឆ្នោតនៅខែកក្កដាខាងមុខ។

ការគំរាមរបស់ប្រធានគ.ជ.ប.នេះធ្វើឡើងក្នុងកិច្ចប្រជុំ កាលពីម្សិលមិញស្ដីពី លទ្ធផលការងារ និងការត្រៀមលក្ខណៈសម្បត្ដិ ដើម្បីការពារសុវត្ថិភាពដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦។ ប្រធានគ.ជ.ប.បានព្រមានថា គ្រប់ប្រព័ន្ធព័ត៌មាន និងបណ្ដាញសង្គមទាំងអស់ត្រូវគោរពតាមច្បាប់ស្ដីពីរបបសារព័ត៌មាន ច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធី និងគោរពក្រមសីលធម៌សម្រាប់ប្រព័ន្ធព័ត៌មានដែលរៀបចំដោយគ.ជ.ប.។

ជាងនេះទៅទៀត លោក ស៊ិក ប៊ុនហុក បានស្នើឲ្យគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ ទប់ស្កាត់ឲ្យបាននូវរាល់កលល្បិចដែលចង់បំផ្លាញការបោះឆ្នោត បំភ្លៃការបោះឆ្នោត និងចាត់វិធានការឲ្យបានហ្មត់ចត់ ដើម្បីរក្សាបាននូវបរិយាកាសល្អទាំងពេលឃោសនាបោះឆ្នោត ពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត និងក្រោយពេលប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត។

ទោះជាយ៉ាងណាក៏ដោយ ក្រុមសង្គមស៊ីវិលរិះគន់ថា ការគំរាមប្រើវិធានការច្បាប់លើបណ្តាញសារព័ត៌មាននៅកម្ពុជាពាក់ព័ន្ធនឹងកិច្ចការ បោះឆ្នោតនេះ ជាការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ។

រហូតមកទល់ពេលនេះ របបលោក ហ៊ុន សែន បានបិទស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួនដូចជាកាសែត The Cambodia Daily វិទ្យុអាស៊ីសេរី វិទ្យុសំឡេងប្រជាធិបតេយ្យ និងធ្វើទុក្ខបុកម្នេញ បញ្ហាពន្ធដារលើកាសែតភ្នំពេញប៉ុស្តិ៍រហូតដល់មានការបងំ្ខចិត្តលក់ទៅឲ្យក្រុម ហ៊ុនផ្សេងវិញ។

អង្គការអ្នកកាសែតគ្មានព្រំដែន កាលពីចុងខែមេសា បានផ្តល់ចំណាត់ថ្នាក់អាក្រក់ផ្នែកសេរីភាពសារព័ត៌មានដល់កម្ពុជាជាប់លេខរៀង១៤២ ទាបជាងប្រទេសភូមា ប្រទេសថៃ និងប្រទេសមួយចំនួន ទៀតក្នុងតំបន់អាស៊ី៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស