តុលាការក្រុងភ្នំពេញកោះហៅអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីរនាក់ឱ្យចូលបំភ្លឺនៅព្រឹកថ្ងៃព្រហស្បតិ៍ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានកោះហៅអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីរនាក់ដែលកំពុងជាប់ឃុំ ឱ្យចូលបំភ្លឺនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣១ ឧសភាខាងមុខនេះ ជុំវិញបទចោទប្រកាន់ថ្មីទាក់ទិននឹងការផលិតរូបភាពអាសអាភាស។
រហូតមកដល់ពេលនេះ អតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីលោក អ៊ួន ឈិន និងលោកយាង សុធារិន្ទ ត្រូវបានតុលាការឃុំខ្លួនអស់រយៈពេលជាង៦ខែហើយពីបទផ្តល់ព័ត៌មានអោយរដ្ឋបរទេស ដែលអាចអន្តរាយដល់ការការពារជាតិ។
ប៉ុន្តែតុលាការនៅមិនទាន់អាចបង្ហាញភស្តុតាងណាមួយទាក់ទងនឹងបទចោទនេះនៅឡើយទេ។
មេធាវីរបស់លោក អ៊ួន ឈិន និងលោកយាង សុធារិន្ទគឺលោកកែវ វន្នី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា បទចោទប្រកាន់ថ្មីនេះ គ្មានធាតុផ្សំបទល្មើសព្រហ្មទណ្ឌឡើយ។
លោកចាត់ទុកការចោទប្រកាន់បទល្មើសថ្មីនេះថា ជាការចោទប្រកាន់គ្មានមូលដ្ឋាន និងបំពានច្បាប់។
មេធាវីរូបនេះបានស្នើឱ្យតុលាការទម្លាក់បទចោទប្រកាន់ទាំងចាស់ទាំងថ្មី ពីព្រោះកូនក្តីរបស់លោកទាំងពីរមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ទាំងនេះឡើយ។
ក្រុមអ្នករិះគន់ចាត់ទុកថា ការបន្តឃុំខ្លួនអ្នកទាំងពីរ នឹងនាំឱ្យមានការរិះគន់កាន់តែខ្លាំងទៅលើរបបលោកហ៊ុន សែន ចំពោះការធ្វើទុក្ខបុកម្នេញចំពោះស្ថាប័នសារព័ត៌មានឯករាជ្យនៅកម្ពុជា។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchកាលពីដើមខែឧសភាកន្លងទៅនេះ បានស្នើឲ្យអាជ្ញាធរកម្ពុជា ផ្ដល់សេរីភាពជាបន្ទាន់ដល់អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីពីររូបដែលត្រូវឃុំឃាំងទាំងអយុត្តិធម៌ និងដោយការប្រឌិតបទចោទ៕