37 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលបរិស្ថាន៖ ជំនួញឈើប្រណិត ទៅកាន់វៀតណាមមានតំលៃរាប់រយលានដុល្លារក្នុង១ឆ្នាំៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលបរិស្ថាន៖ ជំនួញឈើប្រណិត ទៅកាន់វៀតណាមមានតំលៃរាប់រយលានដុល្លារក្នុង១ឆ្នាំៗ ភ្នាក់ងារឃ្លាំមើលបរិស្ថានពិភពលោក EIA បង្ហាញថា ប្រទេសវៀតណាមកំពុងលួចទិញឈើប្រណិតដ៏ច្រើនសន្ធឹកសន្ធាប់ពីខេត្តរតនៈគិរី ស្ទឹងត្រែង និងខេត្តមណ្ឌលគិរីរបស់កម្ពុជា តាមរយៈការការពាររបស់ក្រុមមន្រ្តីពុករលួយ។

ភ្នាក់ងារស៊ើបការណ៍សម្ងាត់ខាងបរិស្ថាន EIA ដែលមានមូលដ្ឋានក្នុង ទីក្រុងឡុងដ៍ (London) ប្រទេសអង់គ្លេស នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ចេញរបាយការណ៍របស់ខ្លួន មួយដែលមានចំណងជើងថា ជនល្មើសមុខដដែលៗ បានរកឃើញថា ឈើប្រណិតប្រហែលប្រាំសែនមែត្រគុប ដែលមានតំលៃរាប់រយលានដុល្លារត្រូវបានកាប់ ដឹកជញ្ជូនតាមរថយន្តធំៗពីតាមបណ្តាខេត្តនៅតំបន់ភូមិភាគឦសាន្ត ទៅកាន់ខេត្តយ៉ាឡាយប្រទេសវៀតណាមក្នុងរយៈពេលពីរឆ្នាំមកនេះដោយគ្មានការបង្ក្រាប។

មន្រ្តីយុទ្ធនាការជាន់ខ្ពស់ខាងផ្នែកព្រៃឈើលោកJago Wadly ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលបទល្មើសព្រៃឈើមួយនេះថា ប្រទេសវៀតណាមមានប្រវត្តិលួចឈើប្រណិតពីប្រទេសជិតខាងរបស់ខ្លួន។

លោកបន្តថា សំរាប់កម្ពុជា ក្រុមហ៊ុនវៀតណាមជាច្រើនបានកាប់បំផ្លាញឈើប្រណិតរបស់កម្ពុជាដោយមានការសូកប៉ាន់ក្រុមសមត្ថកិច្ចពុករលួយនៅទីនោះ។

របាយការណ៍ដដែលនេះបង្ហាញថា ឈើប្រណិតទាំងនោះត្រូវបានដឹកចេញ ពីតំបន់ទំនប់វារីអគ្គីសនីសេសានក្រោមពីរក្នុងខេត្តស្ទឹងត្រែង តំបន់អភិរក្ស ភ្នំព្រិចក្នុងខេត្តមណ្ឌលគិរី និងឧទ្យានជាតិ វីរៈជ័យ ក្នុងខេត្តរតនៈគិរី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស