អង្គការឃាំ្លមើលសិទ្ធិការងារទាមទារឲ្យរដ្ឋាភិបាលស៊ើបអង្កេតករណី កម្មករដួលសន្លប់នៅរោងStarite មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ (CENTRAL) ស្នើឱ្យក្រសួងការងារបើកការស៊ើបអង្កេតស្វែងរកមូលហេតុពិតប្រាកដនៃការដួលសន្លប់របស់កម្មករចំនួន១១៧នាក់នៅក្នុងរោងចក្រStarrite។
សេចក្តី ថ្លែងការណ៍របស់មជ្ឈមណ្ឌលនេះដែលចេញផ្សាយកាលពីម្សិលមិញឲ្យដឹងថា ការស្វែងរកមូលហេតុពិតនៃការដួលសន្លប់ នឹងធានាថា រោងចក្រមួយនេះអនុវត្តតាមច្បាប់ស្តីពីការងារ។
កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅនេះ កម្មករប្រមាណ១១៧នាក់ បានដួលសន្លប់ជាបន្តបន្ទាប់នៅរោងចក្រស្តារីតStarrite នៅស្រុកអង្គស្នួល ខេត្តកណ្តាល។
មជ្ឈមណ្ឌលសង់ត្រាល់ដែលបានជួបជាមួយកម្មករប្រមាណ៦០នាក់សម្រាកនៅមន្ទីរពេទ្យបង្អែកបានរកឃើញថា មូលហេតុនៃការដួលសន្លប់នេះអាចដោយសារការជះចំហាយក្លិនម្យ៉ាងពីអគាររោងចក្រក្បែរនោះ ឬអាចមកពីសារធាតុគីមីម្យ៉ាងដែល ត្រូវបានគេបាញ់នៅក្បែរនោះ ម្យ៉ាងទៀតអាចដោយសារអាកាសធាតុក្នុងរោងចក្រមានភាពក្តៅខ្លាំង ហើយខ្វះប្រព័ន្ធខ្យល់ចេញចូល។
របាយការណ៍របស់ក្រុមការងារទប់ស្ដាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងាររបស់ក្រសួងការងារឱ្យដឹងថា នៅក្នុងឆ្នាំ២០១៧កន្លងទៅនេះ មានករណីកម្មករសន្លប់ចំនួន២២រោងចក្រ ស្មើនឹងជាង១ពាន់៦រយនាក់ ៕