លោក ហ៊ុន សែន បន្ទោសរដ្ឋមន្រ្តីក្រសួងការងារករណីប្រាក់អត្ថប្រយោជន៍របស់កម្មករ លោក ហ៊ុន សែន បានបន្ទោសរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ដែលមិនទាន់បានដោះស្រាយករណីបញ្ហាកម្មករនិយោជិត ទាមទារប្រាក់អត្ថប្រយោជន៍ និងប្រាក់អតីតភាពការងារដោយសារ តែថៅកែរោងចក្របានរត់ចោល។
ការស្តីបន្ទោសរបស់លោក ហ៊ុន សែន ទៅលើលោក អ៊ិត សំហេងធ្វើឡើងនៅចំពោះមុខកម្មករនិយោជិតជាង១ម៉ឺន៥ពាន់នាក់ នៅស្រុក ស្អាង ខេត្តកណ្តាល កាលពីថ្ងៃពុធម្សិលមិញ។
លោក ហ៊ុន សែន បានព្រមានឲ្យរដ្ឋមន្រ្តីក្រសួងការងារនេះ បញ្ចាប់ដោះស្រាយបញ្ហាប្រាក់អត្ថប្រយោជន៍របស់កម្មករដើម្បីជៀសវាងករណីបាតុកម្ម ឬការដើរដាក់ញត្តិរបស់កម្មករទៅរំខានលោកដល់ផ្ទះនោះ។
លើសពីនេះទៅទៀត លោកហ៊ុន សែន អះអាងថា រដ្ឋាភិបាលរបស់លោកនឹងធ្វើវិសោធនកម្មច្បាប់ស្តីការងារ ដែលតម្រូវឲ្យថៅកែរោងចក្រត្រូវតែបើកប្រាក់អតីតភាពការងារឲ្យ កម្មករនិយោជិតនូវរៀងរាល់៦ខែម្តងជាកំហិតដើម្បីចៀសវាងបញ្ហាថៅកែរោងចក្ររត់ចោលរោងចក្រ ឬប្រកាសក្ស័យធន់ ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រកឃើញថា មានរោងចក្រ ចំនួន៩ត្រូវថៅកែរត់ចោល ដោយមិនបានបើកប្រាក់ខែ ប្រាក់ អត្ថប្រយោជន៍ និងប្រាក់អតីតភាពការងារឲ្យកម្មករនិយោជិត ហើយក្រសួងបានដោះស្រាយរួចបាន៤រោងចក្រហើយនៅសល់៥ រោងចក្រទៀត ដែលក្រសួងកំពុងប្រមូលទិន្នន័យ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមសហជីពអះអាងថា ដើម្បីកាត់បន្ថយបញ្ហាថៅកែរត់ចោលកម្មករនេះ រដ្ឋាភិបាលត្រូវតម្រូវឲ្យម្ចាស់ក្រុមហ៊ុន រោងចក្រទាំងនោះដាក់តម្កល់លុយនៅរតនាគារជាតិជាមុនសិន មុននឹងបើករោងចក្ររកស៊ីនៅកម្ពុជា៕