38 C
Phnom Penh

តុលាការភ្នំពេញបានសម្រេចចោទប្រកាន់ ថៅកែស្រីដែលធ្វើទារុណកម្មលើកុមារីអាយុ១៦ឆ្នាំពីបទហិង្សាដោយចេតនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការភ្នំពេញបានសម្រេចចោទប្រកាន់ ថៅកែស្រីដែលធ្វើទារុណកម្មលើកុមារីអាយុ១៦ឆ្នាំពីបទហិង្សាដោយចេតនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ម៉ាក់ នីនា កាលពីម្សិលមិញ បានសម្រេចចោទប្រកាន់ថៅកែស្រីលក់សំលៀកបំពាក់ម្នាក់ឈ្មោះម៉េង រ័ត្នពិសី(ហៅសុភា)អាយុ៣៣ឆ្នាំ ពីបទហិង្សាដោយចេតនាទៅលើកញ្ញាជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ ឲ្យមាន ទោសតាមមាត្រា២១៩នៃក្រមព្រហ្មទណ្ឌ។

ក្រុមមន្ត្រីតុលាការឲ្យដឹងថា ជនសង្ស័យរូបនេះអាចជាប់គុកពី ២ ទៅ៥ឆ្នាំ។

ដោយសារជីវភាពខ្វះខាតជាខ្លាំងនោះ ជនរងគ្រោះឈ្មោះជា ស្រីនូ បានមករស់នៅជាមួយថៅកែស្រី រូបនេះអស់រយៈពេល៤ឆ្នាំមកហើយ។

កញ្ញាមានស្រុកកំណើតនៅភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្មេងស្រីរងគ្រោះមានបងប្អូន៩នាក់ ប្រុស៤នាក់ ស្រី៥នាក់ ។

នាងជាកូនទី៨ មានឪពុក ឈ្មោះ ជា សួ អាយុ៦៨ឆ្នាំឈឺនៅនឹងកន្ទេលហើយម្តាយឈ្មោះឡេ ឡាយ អាយុ៦៥ឆ្នាំមុខរបរលក់បន្លែ។

ក្មេងស្រីរងគ្រោះរូបនេះបានរៀបរាប់ទាំងអារម្មណ៍ភ័យប្រាប់សមត្ថកិច្ចថា នាងត្រូវបានថៅកែស្រីឈ្មោះ ម៉េង រ័ត្នពិសី (ហៅ សុភា) យកមកឲ្យធ្វើការនៅក្នុងផ្ទះតាំងពីអាយុ១២ឆ្នាំមកម្ល៉េះ ធ្វើជាកូនឈ្នួល ។

កញ្ញាបន្តថា ថៅកែស្រីរូបនេះបានបង្ខំឲ្យកញ្ញាធ្វើការងារតាំងពីព្រឹកទល់យប់ ហើយបើធ្វើមិនទាន់ឲ្យគេ នោះកញ្ញានឹងទទួលរងទណ្ឌកម្ម វាយសំពងពេញរាងកាយ និងក្បាលថែមទៀត។

កញ្ញាបន្តថា ពេលខ្លះថៅកែយកម្ជុលដេប៉ាក់ មកចាក់លើរាងកាយថែមទៀត។

ជាងនេះទៅទៀតកញ្ញាថា ក្នុង១ថ្ងៃម្ចាស់ផ្ទះឲ្យកញ្ញាទទួលទានបាយបានតែ២ពេលប៉ុណ្ណោះ។

រហូតមកទល់ពេលនេះ សមត្ថកិច្ចបានប្រមូលភស្តុតាងជាច្រើនដូចជាស្លាកស្នាមជាំ របួសពេញខ្លួន ក្បាល ដៃ និងជើងដើម្បីចាត់ការជនសង្ស័យទៅតាមនីតិវិធីច្បាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស