ប្រធានអង្គការការពារសិទ្ធិមនុស្សទទួលបានដីការចូលខ្លួនឆ្លើយបំភ្លឺ លើសំណុំរឿងលោកកឹម សុខា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា អ្នកស្រីបានទទួលដីកាកោះអញ្ជើញឲ្យចូលខ្លួន ឆ្លើយបំភ្លឺជាសាក្សីក្នុងសំណុំរឿងចោទប្រកាន់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទក្បត់ជាតិក្នុងបំណងផ្តួលរំលំរដ្ឋាភិបាលលោកហ៊ុន សែននោះហើយ។
សេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលចេញ ផ្សាយកាលពីម្សិលមិញឲ្យដឹងថា ដីកាកោះ នឹងតម្រូវឲ្យអ្នកស្រីចូលខ្លួនឆើ្លយបំភ្លឺនៅចំពោះមុខតុលាការក្រុងភ្នំពេញនៅថ្ងៃទី៧ខែមិថុនា ខាងមុខ វេលាម៉ោង៨ និង៣០នាទី ព្រឹក នៅអគារតុលាការ ជាន់ទីបី។
កន្លងមកចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី បានចេញដីកាកោះហៅសាក្សី៨រូបឲ្យចូលខ្លួនឆ្លើយបំភ្លឺករណីលោក កឹម សុខា។
អ្នកទាំង៨នោះ រួមមាននាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព លោកមាស គឹមសេង អតីតប្រធាន អង្គការសមាគមធាងត្នោត លោកប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោកសៀ ភារម្យ អតីតប្រធានក្រុមការងារ ពិសេសសិទ្ធិលំនៅដ្ឋាន និងសកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួនទៀត។
លោកកឹម សុខាត្រូវបានសមត្ថកិច្ចរបស់លោកហ៊ុន សែន សម្រុកចូលខ្លួនដល់ក្នុងផ្ទះកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទក្បត់ជាតិ ក្នុងបំណងផ្តួលរំលំរបបលោកហ៊ុន សែនដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ជាការចោទដែលទាំងស.រ.អា. ទាំងលោកកឹម សុខាបានបដិសេធ។
ក្រុមសិទ្ធិមនុស្សបានហៅការឃុំខ្លួនលោកកឹម សុខា ថា ជារឿងអយុត្តិធម៌ និងជាការប្រឌិតដោយសារតែរដ្ឋាភិបាលលោកហ៊ុន សែន ខ្លាចចាញ់ការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ ក្រោយពីគណបក្សប្រឆាំងមួយនេះបានទទួលសម្លេងគាំទ្រភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត ឃុំ សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១៧កន្លងទៅ៕